កម្ពុជា មានអ្នកឆ្លងជំងឺកូវីដសរុប ៤៧នាក់ ក្នុងនោះនាំចូលពីក្រៅប្រទេស៤៤ករណី

2


យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា គិតត្រឹមម៉ោង ១០៖៣០យប់ ថ្ងៃទី ១៩ មីនា ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត ដូច្នេះសរុបទាំងអស់ចំនួន ៤៧ករណី, ៤៤ករណីនាំចូលពីប្រទេសក្រៅ ១ករណីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន និង ២ករណីជាប្រពន្ធពីរនាក់ប៉ះពាល់ផ្ទាល់ ជាមួយប្តីពីរនាក់មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃើញមានផ្ទុកវិជ្ជមាន COVID-19។

យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង។

មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឬCOVID-19 ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស (មិនមែនហោះហើរក្នុងខ្យល់ទេ) ។ ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ អ្នកវិទ្យាសាស្រ្តរកឃើញថា ចំងាយខ្ទាតចេញពីមុខមនុស្សយើងចំងាយបាន ៣ហ្វីត បើគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបើយើងនៅឆ្ងាយពីអ្នកជំងឺលើសពី១ម៉ែត្រ យើងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលើផ្ទៃផ្សេងៗ ដូចជាលើតុ លើជញ្ជាំង លើបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយើងប៉ះមុខនិងច្រមុះ ។ អ្នកវិទ្យាសាស្រ្តរកឃើញថា ក្នុងមួយថ្ងៃមនុស្សយើងប៉ះមុខជាមធ្យម ៦០ដង ។ ហេតុដូច្នេះ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដើម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដើម ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់៕

ប្រភព ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC



ប្រភពដើម