កុំចេះតែជឿផ្ដេសផ្ដាស! អ្នកជំនាញថា ខ្ទឹមសមិនអាចការពារវីរុស​កូរ៉ូណាបានទេ

8


ប៉ុន្មាន​ថ្ងៃ​ក្រោយ​ផ្ទុះ​ព័ត៌មាន​វីរុសកូរូណាថ្មី មាន​ការ​ចែករំលែក​ត​ៗ​គ្នា​ថា ខ្ទឹម​ស​អាច​ការពារ​ជំងឺ​នេះ​បាន។ តើ​ការ​លើក​ឡើង​នេះ​ត្រឹមត្រូវ​ដែរ ឬ​ទេ? លោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ និង​បាន​បម្រើ​ការ មង្គល​ទួល​សង្កែ គ្លីនិច បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​មិន​ពិត​ឡើយ។
លោក​ក៏​បាន​បន្ត​ទៀត​ថា ការ​យក​ខ្ទឹម​ស​ដាក់​ជាប់​ខ្លួន ឬ​ខ្លះ​ទៀត​យក​ទៅ​ដាក់​ក្នុង​ច្រមុះ ព្រោះ​ជឿ​ថា​ពេល​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នោះ​ស្រូប​ចូល​ទៅ ខ្ទឹម​ស​អាច​សម្លាប់​បាន។ តែ​ទង្វើ​នោះ​អាច​បណ្ដាល​ឲ្យ​រលាក​បាន ព្រោះ​ខ្ទឹម​ស​មាន​ជាតិ​ក្ដៅ-កាត់ ដែលនាំឲ្យ​អាច​ដាច់​រលាត់ ច្រមុះ ឬស្បែកបើដាក់ជាប់រហូត ហើយ​បើ​អ្នក​មាន​បើ​រលាក​សាច់​ច្រមុះ គឺ​អាច​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម ព្រោះ​ងាយ​ឆ្លង​មេរោគ​ចូល។

ដូចនេះ​ការ​បំផុស​ព័ត៌មាន​ថា ខ្ទឹម​ស​អាច​ជួយ​ការពារ​បាន សូម​កុំ​ជឿ​ឲ្យ​សោះ ព្រោះ​នោះ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ ឬ​ការ​បំភ្លៃ​គ្មាន​មូលដ្ឋាន និង​ការ​ស្រាវជ្រាវ​ច្បាស់លាស់។

ដើម្បី​ការ​ការពារ​ខ្លួន​ពី​ជំងឺ​កូរូណា​ប្រភេទ​ថ្មី យើង​មិន​ត្រឹម​តែ​ពាក់​ម៉ាស់​ប៉ុណ្ណោះ​ទេ លោក​វេជ្ជបណ្ឌិត សូ សំណាង បាន​ណែនាំ​ឲ្យ​ពាក់​ម៉ាស់​ប្រភេទ KN95 ព្រោះ​វា​មាន​សភាព​ក្រាស​ជាង​ម៉ាស់​ទូទៅ ឬ​ក៏​ម៉ាស់​សម្រាប់​វះកាត់ និង​ពាក់​វ៉ែនតា ដើម្បី​ការពារ​ខ្លួន ព្រោះ​ប្រសិនបើ​អ្នក​ជំងឺ​មាន​ផ្ទុក​មេរោគ​កូរូណា​ប្រភេទ​ថ្មី ក្អក ឬ​កណ្ដាស់ ហើយ​ខ្ទាត​ទឹក​មាត់​ចូល​ភ្នែក ក៏​អាច​ឆ្លង​បាន​ដែរ៕


ប្រភព kampucheathmey