កុំភ្លេចខ្លួន! ល្បីថាកម្ពុជាលែងមានជំងឺកូវីដ១៩ ប្រជាពលរដ្ឋនៅភ្នំពេញ សម្រុកចេញទៅកម្សាន្តនៅខេត្ត ដោយមិនខ្លាចរអា

0


ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានជូនដំណឹងថា គិតមកទល់ពេលនេះ កម្ពុជា មិនមានអ្នកដែលផ្ទុកជំងឺកូវីដ១៩ទៀតឡើយ បន្ទាប់ពីអ្នកជំងឺចុងក្រោយ ដែលជាស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជាសះស្បើយ។

អ្នកដែលបានផ្ទុកជំងឺកូវីដ១៩ ទាំងអស់នៅកម្ពុជា បានជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ស្របពេលដែល បងប្អូនប្រជាពលរដ្ឋខ្មែរ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ថ្ងៃនេះមានប្រជាជនចេញទៅតាមបណ្ដាខេត្ត ដើម្បីដើរលេងកម្សាន្ត បន្ទាប់ពីខកខានអស់រយៈពេលយូរ។ តួយ៉ាងកាលពីខែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីពេលកន្លងទៅ ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចលុបចោល ហើយតម្រូវឱ្យធ្វើការធម្មតា សម្រាប់មន្ត្រីរាជការ កម្មករ និយោជិត និងបុគ្គលិកបម្រើការក្រុមហ៊ុននានា។

បើតាមគណនីហ្វេសប៊ុក Sophal Battambang បានបង្ហោះថា៖ “ដល់កំពតមិនដឹងមានកន្លែងអង្គុយអត់ទេ បើតាមផ្លូវមនុស្សសម្រុកទៅដូចព្យុះ”។ ជាការពិតណាស់ ប្រជាពលរដ្ឋហាក់លែងសូវខ្វាយខ្វល់ពីបញ្ហាកូវីដ១៩ បន្ទាប់ពីសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងពេលមួយរយៈនេះ។ យ៉ាងណាក៏ដោយ បងប្អូនប្រជាពលរដ្ឋ មិនគួរសប្បាយភ្លេចខ្លួននោះទេ ព្រោះថា ជំងឺកូវីដ១៩ មិនទាន់រលាយបាត់សូន្យនោះទេ ដោយបណ្ដាប្រទេសនានាលើសាកលលោកយើងនេះ នៅប្រឈមមុខនឹងជំងឺនេះនៅឡើយ។

សម្រាប់ក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងរក្សាអនាម័យ ទោះបីជាស្ថានភាពនៅកម្ពុជា មានការធូរស្រាលបន្តិចក៏ដោយ៕

 



ប្រភពដើម