ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាស ស្តីពីថ្ងៃឈប់ បុណ្យភ្ជុំបិណ្ឌ

3


ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាសទាំងអស់ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីរការងារបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសរបស់ក្រសួងលេខ ៣៩៩ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ស្តីពីការឈប់សម្រាកប្រាក់ឈ្នួលប្រចាំឆ្នាំ២០២០ សូមលោក លោកស្រី អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះក្នុងរយៈពេលបីថ្ងៃ។

ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិកលក្ខណៈ សកលត្រូវប្រព្រឹត្តទៅជាប្រចាំនិងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឲ្យខូចប្រយោជន៍ដល់សាធារណជន ឬ ក៏ធ្វើឲ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬ នាយករោងចក្រសហគ្រាស ត្រូវរៀបចំបែងចែកឲ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្តូរគ្នា។ ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិកសាមី និងនិយោជក ឬ មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាសឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិកអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសរបស់ក្រសួងលេខ ៣៩៩/១៩/ក.ប/ប្រ.ក.អ.ធ.ក។

កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើរនិងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសង្ឃឹមយ៉ាងជឿជាក់ថា លោក លោកស្រី ដែលជាម្ចាស់ឬ នាយករោងចក្រ សហគ្រាស ទាំងអស់ប្រាកដជាអនុវត្តតាមសេចក្តីជូនដំណឹងនេះបានល្អត្រឹមត្រូវជាពុំខាន។

ប្រភពដើម