ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលជំនាញទន់ ជូនកម្មករនិយោជិត ព្យួរកិច្ចសន្យាការងារ

1


ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញទន់ ជូនកម្មករនិយោជិត ព្យួរកិច្ចសន្យាការងារ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅរោងចក្រ ប្រូដឡែន ខេមបូឌាហ្គាមែនអ៊ីនឌិស្រ្ទី មានទីតាំង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនីចំនួន ៤២០នាក់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល​នេះ។

ឯកឧត្តម ប្រាក់ ចាន់ធឿន មានប្រសាសន៍ថា បច្ចុប្បន្ន ពិភពលោកទាំងមូលរស់នៅក្នុងស្ថានភាព នៃការរីករាលដាលនៃជំងឺ COVID-19 ហេតុនេះ សូមបងប្អូនកម្មករនិយោជិតទាំងអស់ ជ្រាបអំពីបច្ចុប្បន្នភាពនៃជំងឺCOVID-19 ដែលត្រូវបានចាត់ទុកជាបញ្ហាធំមួយ ធ្វើឱ្យពិភពលោកខ្វល់ខ្វាយជាខ្លាំង ដោយសារវាធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច សុខុមាលភាពសង្គម វិបត្តិផ្លូវចិត្ត សង្គមជាដើម។

ប្រទេសកម្ពុជាបានរកឃើញនូវករណីឆ្លងជំងឺCOVID-19នេះ ចំនួន ១២២ករណី ដែលរហូតមកដល់ថ្ងៃនេះ មាន ១២០ករណី បានជាសះស្បើយ និង ០២ករណីកំពុងបន្តការព្យាបាល (ត្រឹមថ្ងៃ០៧ ខែឧសភា ឆ្នាំ២០២០នេះ)។ នេះជាការព្រួយបារម្មណ៍ និងតម្រូវឱ្យមានចូលរួមសហការណ៍គ្នា នៅគ្រប់កម្រិតទាំងអស់ ដើម្បីរៀបចំផែនការបង្ការការពារ និងការឆ្លើយតបនៅកន្លែងធ្វើការ។

ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​រៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញ​ទន់នេះ ជូនកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារ គឺដើម្បីបង្កើនចំណេះដឹងជំនាញទន់ផងចៀសវាងការប្រមូលផ្តុំ ដែលនាំឲ្យមានឱកាសច្រើនក្នុងការឆ្លងមេរោគCOVID-19ផង និងព្រមទាំងបានឧបត្ថម្ភថវិកាក្នុងការសិក្សានេះទៀតផង៕



ប្រភពដើម