ក្រុមចោរ ចូលគាស់ទូយកលុយក្នុងរោងចក្រកាត់ដេរមួយ អស់ជាង៣ម៉ឺនដុល្លារ

4


ខេត្តកណ្ដាល ៖ នគរបាលជំនាញខេត្តកណ្ដាល សហការជាមួយនគរបាលស្រុកលើកដែក ចុះពិនិត្យកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកជនសង្ស័យចាត់ការតាមច្បាប់ ក្រោយពីមានករីណី មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ចូលលួចលុយក្នុងរោងចក្រកាត់ដេរមួយកន្លែងយីហោ វិនសេតហ្គាមែន ប្រមូលយកលុយអស់ជាង៣ម៉ឺនដុល្លារ នៅវេលាម៉ោង១យប់រំលងអធ្រាត្រ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃឹម ឃុន ភេទប្រុស អាយុ៧៩ឆ្នាំមុខរបរ ប្រធានរដ្ឋបាលរោងចក្រ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ ដោយឡែកសម្ភារបាត់បង់មាន ប្រាក់រៀលប្រហែល ២០លានរៀល, ប្រាក់ដុល្លារប្រហែល៣០០០០ដុល្លារសហរដ្ឋអាមេរិក និងសម្ភារចាប់យករួមមាន សោរ សូឡិច៦ សន្ដក៣ និងខូច៣,ដែកញូមចំរឹងបង្អួច ចំនួន០១,ខ្សែភ្លើងស៊ឺរ៉ែន ២កំណាត់,ទូរដែកចំនួន៣ទូច្នៃ ចំនួន២ទូអូតូ០១ ។

ប្រភពដដែលបន្តថា យោងតាមកាមេរ៉ាសុវត្ថិភាព នៅយប់ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០ នៅចន្លោះម៉ោង១ ដល់ម៉ោង៣ទាបភ្លឺ មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានគាស់ទំលុះទំលាយបន្ទប់ការិយាល័យរដ្ឋបាល រួចគាស់ថតតុរបស់គណនេយ្យ គាស់ថតតុរបស់អនុប្រធានរោងចក្រនិងកាត់សោរទូរដែកឆ្នៃបន្ទះធម្មតា រួចចាក់សោរ ទូរដែកអូតូ បើកយកប្រាក់អស់សរុបចំនួនប្រហែល២០លានរៀលនិងប្រាក់ដុល្លារប្រហែលជា៣០០០០ម៉ឺនដុល្លារសហរដ្ឋទៅបាត់តែម្ដង ។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ៕



ប្រភពដើម