គំរូល្អ! កងកម្លាំងនគរបាលខេត្ត ចុះបោសសម្អាតបរិស្ថាន និងអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

1


បន្ទាយមានជ័យ៖ ដើម្បីរួមចំណែកការពារទប់ស្កាត់ការរាតត្បាត វីរុសកូរ៉ូណាថ្មី ឬ កូវីដ-១៩ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងសម្អាតអនាម័យ ការពារទប់ស្កាត់ការរាតត្បាតសត្រូវឥតស្រមោល កូវីដ-១៩ ដែលកំពុងតែរាតត្បាតនៅលើពិភពលោកជាសកល និងបានយាយីជារួម និងនិយាយដោយឡែកនៅក្នុងប្រទេស កម្ពុជា ក៏កំពុងតែរាលដាលមានកំណើនកើនឡើងពីមួយថ្ងៃទៅមួយនោះ។

លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកងកម្លាំងនគរបាលមកពីគ្រប់ស្រុក ក្រុង និងកម្លាំងនគរបាលការិយាល័យជំនាញ សរុបជិត២០០នាក់ និងរថយន្តចំនួនពន្លត់អគ្គីភ័យចំនួន១១គ្រឿង ធ្វើការបាញ់ទឹក និងសាប៊ូលាងសម្អាតអនាម័យនៅលើដងផ្លូវ ក្នុងទីប្រជុំជន និងទីកន្លែជួបជុំនានាក្នុងខេត្ត ។

លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បញ្ជាក់ថា៖ “កងកម្លាំងនគរបាលយើងទន្ទឹមនឹងមានភារកិច្ចជាចម្បងក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏មានតួនាទីក្នុងការចូលរួមនូវរាល់កិច្ចការងារសង្គមជាចាំបាច់ ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជួបប្រទះនូវបញ្ហាលំបាកផ្សេងៗផងដែរ”។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា៖ “ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ នៅទូទាំងពិភពលោកកំពុងតែមានវិធានការប្រយុទ្ធប្រឆាំងជាមួយនិងវីរុសកូរ៉ូណាថ្មី កូវីដ-១៩ កំពុងតែរាតត្បាត និងកំពុងគំរាមកំហែងចំពោះសុខភាពសាធារណៈនិងអាយុជីវិតមនុស្សជាសកលនៅក្នុងព្រះរាជណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែកក្នុងខេត្តបន្ទាយមានជ័យយើងនេះ ក៏មានពលរដ្ឋចំនួន២នាក់ បានឆ្លងរាលផងដែរ ដែលបច្ចុប្បន្នកំពុងបានការយកចិត្តទុកដាក់ពីគ្រូពេទ្យពិនិត្យព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ”។

ដើម្បីចូលរួមទប់ស្កាត់នូវជំងឺរលាកសួតដ៏កាចសាហាវនេះ លោកបានដឹកនាំកងកម្លាំងនគរបាលសរុបចំនួនជិត២០០នាក់ មកពីគ្រប់ស្រុក ក្រុងនិងកម្លាំងនគរបាលការិយាល័យជំនាញ សរុបជិត២០០នាក់ និងរថយន្តចំនួនពន្លត់អគ្គីភ័យចំនួន១១គ្រឿង ធ្វើការបាញ់ទឹកនិងសាប៊ូលាងសម្អាតអនា ម័យនៅលើដងផ្លូវជាតិលេខ៦ចាប់មុខសណ្ឋាគារ ណាហ្សាមកទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មុខទីស្នាក់ការគណបក្សខេត្ត និងទីកន្លែងប្រជុំជន នានាក្នុងខេត្តដូចជាសួនមានជ័យ ជុំវិញផ្សារសិរីសោភ័ណនិងបរិវេណព្រះម៉ែគ្របល័ក្ខ ជាដើម។

ដោយមើលឃើញពីសកម្មភាពដ៏រស់រវើកនេះ ប្អូនប្រុសឈ្មោះសំណាង រដ្ឋា ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ មានការសាទរជាមួយនឹងសកម្មភាពរបស់កងកម្លាំងនគរបាល ដែលបានចូលរួមយ៉ាងសកម្មក្នុងការបាញ់ទឹកលាងសម្អាតអនាម័យ តាមផ្លូវសាធារណៈនិងទីកន្លែងជួបជុំនានាក្នុងខេត្ត ដើម្បីចូលរួមចំណែកទប់ស្កាត់នូវការរីករាលដានូវជំងឺវីរុសកូរ៉ូណាថ្មី កំពុងតែរាតត្បាតយ៉ាងគំហុកនៅលើពិភពលោកនេះ៕



ប្រភពដើម