ចិត្តដាច់ម្ល៉េស! គ្រាន់តែក្មេងប្រុសស្រេកឃ្លាន ៣នាក់ លួចបេះទុរេន១ផ្លែសោះ ទារសង១ពាន់ដុល្លារ

1


ក្មេងប្រុសជំទង់បីនាក់ ត្រូវម្ចាស់ចម្ការទុរេនដេញចាប់ រួចប្រគល់ឲ្យប៉ូលីស ដោយសារលួចបេះផ្លែទុរេនគេ១ផ្លែ ទម្ងន់ប្រមាណ២គីឡូក្រាម ហើយម្ចាស់ចម្ការបានទារសំណងរហូតដល់១ពាន់ដុល្លារ។

ករណីចោរកម្មលួចទុរេន១ផ្លែនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការទុរេនមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រភ្នំវល្លិ៍ ជាប់ព្រំប្រទល់រវាងខេត្តកែប និងខេត្តកំពត។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងជំទង់បីនាក់រួមមាន ៖

ទី១-ឈ្មោះ ល ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស , ២-ឈ្មោះ ស ឯ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស និងទី៣-ឈ្មោះ ស ច ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស អ្នកទាំងបីមានទីលំនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានទៅស៊ីឈ្នួលបេះម្រេចឲ្យគេនៅភូមិសាស្ត្រកើតហេតុ។ លុះបន្តិចក្រោយមក ក្មេងប្រុសទាំងបីនាក់ បានជិះម៉ូតូបំណងទៅចាក់សាំង ហើយក៏ឃើញផ្លែទុរេនក្នុងចម្ការគេក្បែរនោះ ក៏ចូលទៅលួចបេះ១ផ្លែ បំណងហែកចែកគ្នាហូប ស្រាប់តែម្ចាស់គេឃើញ ក៏ស្រែកឆោឡោតែម្ដង។

សមត្ថកិច្ចបានបន្តថា ពេលដឹងថាម្ចាស់គេឃើញក្មេងទាំងបីនាក់ក៏ជិះម៉ូតូឌុបគ្នាគេចខ្លួន តែត្រូវអ្នកយាមចម្ការទុរេនដេញតាមរហូតមកដល់ផ្ទះរបស់ក្មេងទាំងបីនាក់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ហើយចាប់ប្រគល់ជូនសមត្ថកិច្ចឲ្យជួយចាត់ការ ខណៈម្ចាស់ចម្ការទុរេនទារសំណងផ្លែទុរេនមួយផ្លែ គឺ ១ពាន់ដុល្លារ ស្មើនឹង ៤,០០០,០០០រៀល ឯណោះ។

បច្ចុប្បន្ន ក្មេងប្រុសជំទង់បីនាក់ដែលពាក់ព័ន្ធនឹងករណីលួចផ្លែទុរេនគេ១ផ្លែ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕



ប្រភពដើម