ចេះស្រលាញ់ខ្មែរគ្នាឯងផងកុំមុខលុយពេក! បន្លែ៦មុខ ដែលផ្ទុកកាកសំណល់ ថ្នាំសម្លាប់សត្វល្អិត ដែលនាំចូលពីវៀតណាម

0


(កណ្តាល)៖ សមត្ថកិច្ច ច្រកទ្វារអន្តរជាតិជ្រៃធំ នៅព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពបន្លែ ផ្លែឈើគ្រប់ប្រភេទ ដែលអាជីវករខ្មែរនាំពីប្រទេសវៀតណាមចូលមក ប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិជ្រៃធំ ដែលស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានរកឃើញបន្លែ ចំនួន៦មុខ មានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត។

ក្នុងកិច្ចសហប្រតិបត្តិការនេះ ក.ប.ប បានយករថយន្ត បំពាក់ដោយឧបករណ៍វិភាគទៅដល់ទីតាំង ត្រួតពិនិត្យនៃការិយាល័យគយ និងរដ្ឋាករជ្រៃធំតែម្តង ហើយបានធ្វើការវិភាគលើបន្លែចំនួន២២មុខ រួមមាន៖ ស្ពៃបូកគោ, ត្រសក់, ស្ពៃក្ដោប, ត្រប់វែង, ប៉េងប៉ោះ, ផ្កាខាត់ណា, ពោតបារាំង, ផ្កាស្នោរ, ក្រូចឆ្មារ, ឃ្លោក, ម្រះ, ម្ទេស, ត្រប់ស្រួយ, ល្ពៅ, ននោង,សណ្ដែកបារាំង, ក្រូចឆ្មារ (តែជ្រក់), ស្លឹកខ្ទឹម, ម្ទេសប្លោក, ប៉េង ប៉ោះខៀវ, ផ្កាគូឆាយ និងផ្កាឡៃហៀងជាដើម។

ក្នុងការត្រួតពិនិត្យនោះ សមត្ថកិច្ចជំនាញ បានរកឃើញបន្លែចំនួន០៦មុខ រួមមាន៖ ស្ពៃបូកគោ, ផ្កាខាត់ណា, ពោតបារាំង, ក្រូចឆ្មារតូច(សម្រាប់ធ្វើតែជ្រក់), ផ្លែល្ពៅ និងផ្កាគូឆាយ មានផ្ទុកកាកសំណល់ថ្នាំ សម្លាប់សត្វល្អិត គ្មានសុវត្ថិភាពសម្រាប់ ការប្រើប្រាស់ និងមិនអនុញ្ញាតឱ្យនាំចូល ជាបណ្តោះអាសន្ន។ ក្រៅពីនេះ ពុំឃើញមានជាតិគីមីពុល ឬខូចគុណភាពដែលនាំឱ្យប៉ះពាល់ដល់សុខភាពឡើយ ពោលគឺគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់បរិភោគ។

សូមបញ្ជាក់ផងដែរ ប្រតិបត្តិការនេះ ដឹកនាំដោយ លោក មួង ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិជ្រៃធំ, លោក អ៊ូ ម៉ានរិន ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ (ក.ប.ប) សហការជាមួយ លោក សែ ជុនទ្រី ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិជ្រៃធំ។

 



ប្រភពដើម