ជប៉ុន មានបំណងជួយកម្ពុជាបង្កើតម៉ាកយីយោគ្រឿងសំអាង និងសាប៊ូពីសូត្រមាសកម្ពុជា

1


ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា កំពុងសិក្សាអំពីការផលិតផលិតផលគ្រឿងសំអាង និងសាប៊ូពីសូត្រមាសកម្ពុជា ដោយបានបញ្ជាក់ពីចំណាប់អារម្មណ៍ ក្នុងការបង្កើតម៉ាកបញ្ជាក់គុណភាព ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន និងទីផ្សារ ដោយត្រូវបានបញ្ជាក់កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ដើម្បីពិភាក្សាការងារលើបញ្ហានេះ។

ដោយមានការគាំទ្រខ្លាំងកាលពីឆ្នាំមុន សមាគមជប៉ុន-កម្ពុជា នឹងរៀបចំដំណើរទស្សនកិច្ចលើកទីពីរ នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ជាគោលដៅវិនិយោគ និងមូលដ្ឋានផលិតសម្រាប់ផ្គត់ផ្គង់ទៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មពិភពលោក និងតំបន់។ នៅក្នុងដំណើរទស្សនកិច្ចខាងមុខនោះ សមាគមជប៉ុន-កម្ពុជា នឹងបង្ហាញពីបំណងរបស់ខ្លួន នឹងនាំមកនូវសហគ្រាសធុនតូច និងមធ្យមមួយចំនួនមកកម្ពុជា ហើយសង្ឃឹមថា សហគ្រាសទាំងនោះ មិនត្រឹមតែដាក់ទុនវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ទេរចំណេះដឹង និងបច្ចេកទេសថែមទៀតមកកម្ពុជា។ លោករដ្ឋមន្ត្រី បានសាទរចំពោះគំនិតផ្ដួចផ្ដើមទាំងអស់នោះ ហើយបានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២០ ខាងមុខ ចូលរួមនៅក្នុងពិព៌រណ៍ផលិតផលនាំចេញនាំចូលកម្ពុជា លើកទី១៥ ដែលនឹងត្រៀមធ្វើនៅខែធ្នូ ឆ្នាំ២០២០ នេះផងដែរ។ប្រភពដើម