ដំណឹងល្អ! ក្រោយការសម្រាកព្យាបាលអ្នកជំងឺឆ្លងវីរុសកូវីដ១៩ ម្នាក់ក្នុងចំណោម ២នាក់ ពិនិត្យឃើញលទ្ធផលអវិជ្ជមាន

1


ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប​បានលើកឡើងថារហូតមកដល់បច្ចុប្បន្ននេះ សភាពអ្នកផ្ទុកកូវីដ១៩ ចំនួន២នាក់ នៅខេត្តសៀមរាប មានសុខភាពធម្មតា ដោយឡែកបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលបានឆ្លងពីបុរសជនជាតិជប៉ុនកន្លងទៅនេះ គឺបានធ្វើតេស្តចំនួន ៧ដងហើយ ជាលទ្ធផលគឺនៅតែវិជ្ជមានមេរោគកូវីដ១៩ ប៉ុន្តែមេរោគនៅមានចំនួនតិច។

លោកវេជ្ជបណ្ឌិតសង្ឃឹមថា នឹងអវិជ្ជមាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ខណៈបុរសជនជាតិខ្មែរម្នាក់ទៀតដែលបានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ី ឥឡូវនេះត្រូវបានធ្វើតេស្តកុងត្រូលលើកទី១ លទ្ធផលឃើញថាអវិជ្ជមានមេរោគកូវីដ១៩ នេះហើយនៅថ្ងៃទី២៣ ខែមីនានេះ ហើយនឹងធ្វើតេស្តកុងត្រូលលើកទី២ទៀត។

ប្រសិនបើតេស្តលើកទី២ អវិជ្ជមានទៀតនោះ គឺមានន័យថា គាត់បានជាសះស្បើយពីជំងឺCOVID-19នេះហើយ។ គាត់នឹងអាចចាកចេញពីមន្ទីរពេទ្យ ហើយបន្តការងារ ចត្តាឡីស័កនៅផ្ទះខ្លួនឯងបន្តទៀត។ ​ចំពោះករណីពលករខ្មែរដែល ត្រឡប់មកពី ប្រទេសថៃវិញ មន្រ្តីជំនាញ​សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យតាមដាន សុខភាពរបស់ពួកគាត់យ៉ាងយកចិត្តទុកដាក់ ហើយបើតាមប្រកាស របស់រដ្ឋាភិបាលគឺត្រូវឱ្យគាត់រក្សានៅក្នុងផ្ទះដោយមិនពាក់ព័ន្ធជាមួយអ្នកណាចំនួន១៤ថ្ងៃ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បន្ដថា ចំពោះអ្នកដែលធ្លាប់ពាក់ព័ន្ធប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ១៩ និងអ្នកសង្ស័យ បានមកធ្វើតេស្ត រហូតមកដល់ពេលនេះ មានចំនួន១៧២នាក់ ហើយជាលទ្ធផលអ្នកទាំងអស់នេះអវិជ្ជាមានមេ រោគកូវីដ១៩ទាំងអស់។ លោកបានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ចូលរួមសហការអនុវត្តវិធានការបង្ការ ការពារ ទប់ស្កាត់ ភ្ញាក់រលឹកមករកសេវាពិគ្រោះជា មួយគ្រូពេទ្យ ក្នុងករណីមានការសង្ស័យ៕

#មសៀរាបផ្ទះខ្ញុំ #SiemReapMyHome #COVID-19 #កូវីដ១៩ #កូរ៉ូណា #Corona



ប្រភពដើម