ទីបំផុតប្រាសាទក្រហមក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ លើខ្នងភ្នំគូលែន បញ្ចប់ការជួសជុលជាលើកដំបូង

0


ប្រាសាទក្រហមកសាងក្នុងស.វ.ទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២នៅលើភ្នំគូលែន បានបញ្ចប់ការជួសជុលឱ្យផុតពីហានិភ័យជាលើកដំបូង ដោយក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ក្រោមការដឹកនាំដោយលោកបណ្ឌិត ឈាន រដ្ឋា និងដឹកនាំអនុវត្តផ្ទាល់ដោយលោក ពុទ្ធ សុទ្ធ កាលពីពេលថ្មីៗនេះ។

លោក ឮ ចាន់ណូរ៉ា មន្ត្រីបច្ចេកទេសជួសជុលប្រាសាទក្រហម នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងថា ប្រាសាទក្រហមជាប្រាសាទ ឥដ្ឋលាយថ្មភក់ កសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នាស.វ.ទី៩ ឧទ្ទិសដល់ព្រះឥសូរ ស្ថិតនៅលើភ្នំគូលែន កម្ពស់៣៧០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និង១៤គីឡូម៉ែត្រពីព្រះអង្គធំ។ ប្រាសាទនេះមានចំនួនពីរគឺ ប្រាសាទក្រហម១ និងប្រាសាទក្រហម២។

លោក ណូរ៉ា បន្តថា មុនការជួសជុលប្រាសាទក្រហម១បានប្រឈមនឹងការបំផ្លាញពីដើមឈើនិងឫសឈើចាក់ចូលទៅក្នុងតួប្រាសាទ ជញ្ជាំង និងដំបូលធ្វើឱ្យប្រាសាទនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ម្យ៉ាងទៀតឥដ្ឋមួយចំនួនពុកផុយដោយសារអាយុកាល និងអាកាសធាតុ បង្កឱ្យរុក្ខជាតិចាក់ចូលទៅបំផ្លាញរចនាសម្ពន្ធប្រាសាទ ហើយកាលពីសម័យមុនមានការលួចជីកកកាយរកវត្ថុបុរាណនៅផ្នែកកណ្តាល ធ្វើឱ្យខូចគ្រឹះឥដ្ឋសម្រាប់ទ្រលិង្គ និងយោនី ភាពរាយប៉ាយ នៃវត្ថុសិល្បៈ ការបំផ្លាញពីសត្វកណ្តៀរនិងម្រោម ដែលធ្វើសំបុកក្នុងជញ្ជាំងឥដ្ឋនិងខឿនប្រាសាទ។ កត្តាទាំងនេះទើបតម្រូវឱ្យជួសជុលជាបន្ទាន់ ដើម្បីសង្គ្រោះប្រាសាទឱ្យបានទាន់ពេលវេលា សម្រាប់វិស័យទេសចរណ៍និងលើកតម្លៃកេរតំណែលដូនតា។

ចំពោះការជួសជុលលើកដំបូងនេះ ក្រុមការងារបានកំណាយបកដីដែលចាក់បង្គ ស្វែងរកវត្ថុសិល្បៈ និងរៀបទុកដាក់ឥដ្ឋឱ្យមានសណ្តាប់ធ្នាប់ និងធ្វើជំរាលដោះទឹក។ សម្អាតរុក្ខជាតិ ដើមឈើ ដែលដុះនៅលើជញ្ជាំង និងដំបូលប្រាសាទ។ រៀបភ្ជឹតជញ្ជាំងប្រេះ និងជួសជុលពង្រឹងជញ្ជាំងដែលពុកផុយ។ ជួសជុលពង្រឹងដំបូលដែលបម្រុងជ្រុះធ្លាក់ ជួសជុលនិងដំឡើងក្លោងទ្វារខាងកើតឡើងវិញ។

កិច្ចការជួសជុលប្រាសាទក្រហម១នៅដំណាក់កាលដំបូងនេះ មិនទាន់គ្រប់គ្រាន់ទេលោក បណ្ឌិត ឈាន រដ្ឋា បានលើកឡើងថា ទៅអនាគតនាយកដ្ឋាននឹងស្នើគម្រោងជួសជុលដំណាក់កាលទី២ គឺជួសជុលផ្នែកដំបូល ពង្រឹងរចនាសម្ពន្ធគ្រឹះឥដ្ឋសម្រាប់ទ្រលិង្គនិងយោនី ជួសជុលវត្ថុសិល្បៈបន្ថែមដែលបានរកឃើញនៅជុំវិញប្រាសាទដើម្បីឱ្យប្រាសាទនៅរឹងមាំ គង់វង្សយូរអង្វែង និងកំណាយស្រាវជ្រាវដើម្បីដឹងព័ត៌មានបន្ថែមពីប្រាសាទនេះ៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា



ប្រភពដើម