នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះអប់រំណែនាំម្ចាស់អាជីវកម្ម លក់អាល់កុល និងម៉ាស់ ១៤៥កន្លែង

0


ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ លោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុក និងកងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកំលាំងអធិការដ្ឋាននគរបាលស្រុកទាំង១១ ចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំអំពីសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ដល់បណ្តាអាជីវករដែលបានលក់អាល់កុល និងម៉ាស់គ្រប់ប្រភេទនៅក្រុងសៀមរាប និងបណ្តាស្រុកទាំង១១។

ជាលទ្ធផលក្រុមការងារ បានចុះដល់ទីតាំងអាជីវកម្ម ១៤៥កន្លែង ដែលរួមមាន៖

– ឱសថស្ថានចំនួន ១១៨កន្លែង
– ឱសថស្ថានរងចំនួន ០២កន្លែង
– Mini martចំនួន ០១កន្លែង
– កន្លែងលក់ភេសជ្ជៈចំនួន ០១កន្លែង
– កន្លែងលក់បរិក្ខារសំណង់ចំនួន ០១កន្លែង
– បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០៨កន្លែង
– បន្ទប់ថែទាំជំងឺចំនួន ០៥កន្លែង
– បន្ទប់ពិសោធន៍វេជ្ជសាស្ត្រចំនួន ០១កន្លែង
– កន្លែងលក់ឥវ៉ាន់ចាប់ហួយចំនួន ០៧កន្លែង
– ផ្ទះសំណាក់ចំនួន ០១កន្លែង។

ជាមួយគ្នានេះ សមត្ថកិច្ចបានណែនាំឲ្យអាជីវករទាំងអស់ ត្រូវទិញអាល់កុលមានដាក់ស្លាកសញ្ញា បញ្ជាក់ពីប្រភពច្បាស់លាស់ មានឈ្មោះផលិតផល និងកម្រិតអាល់កុលគិតជាភាគរយនៃអេទីលអាល់កុលឲ្យបានត្រឹមត្រូវ ដោយមានវិក័យបត្រ ព្រមទាំងលក់ម៉ាស់កុំឆ្លៀតឱកាសលក់តម្លើងថ្លៃ។
ទន្ទឹមនឹងនេះ សមត្ថកិច្ចនឹងបន្តចុះផ្សព្វផ្សាយអប់រំណែដល់អាជីវករលក់អាល់កុល និងម៉ាស់ទាំងអស់ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដើម្បីបង្ការកុំឲ្យប្រជាពលរដ្ឋយើងទិញចំផលិតផលក្លែងក្លាយ ដែលអាចហានិភ័យដល់ការីករាលដាលជំងឺកូវីដ១៩។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈកម្មការដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ របស់រដ្ឋបាលខេត្តសៀមរាប ដែលមាន ឯកឧត្តមទៀសីហា ជាប្រធាន និងជាអភិបាលនៃគណៈអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្ការការរីករាលដាលជំងឺកូវីដ១៩៕

ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប



ប្រភពដើម