បទសម្ភាសន៍របស់ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ស្តីពីស្ថានភាពបច្ចុប្បន្ននៃ ជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាថ្មី

5


សំនួរ​៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានកើតឡើងក្នុងប្រទេសចិន ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីពិភពលោក សូមលោកជួយបង្ហាញ ពីស្ថានភាពបច្ចុប្បន្ននៃ ជម្ងឺមួយនេះ និងការចាត់វិធានការការពារ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសចិន។

លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានកើតឡើងមក បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្លាំង ចំពោះបញ្ហាមួយនេះ។ លោកប្រធានាធិបតីចិន Xi Jinping បានចាត់ទុកអាយុជីវិត និងសុវត្ថិភាពសុខភាពរបស់ ប្រជាពលរដ្ឋជាកិច្ចការចម្បង ហើយបានធ្វើការ បង្ហាញពីចំណុចសំខាន់ៗ និងការបែងចែកការងារយ៉ាងគ្រប់ជ្រុងជ្រោយ ជាច្រើនដងច្រើនសារ។

ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិនឆ្នាំ២០២០ លោកប្រធានាធិបតីចិន Xi Jinping បានដឹកនាំកិច្ចប្រជុំគណៈកម្មធិការអចិន្រ្តៃយ៍ការិយាល័យនយោបាយនៃ មជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីចូលរួមស្តាប់ពីសេចក្តីរាយការណ៍ស្តីពីការការពារ និងការគ្រប់គ្រងនៃជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មីមួយនេះ ហើយបានធ្វើការសម្រេចបង្កើត ក្រុមដឹកនាំការងារនៃមជ្ឈិមបក្សក្នុងការឆ្លើយតបជាមួយ ស្ថានភាពជម្ងឺវីរុស ដើម្បីពង្រឹងកិច្ចការពារ និងគ្រប់គ្រងកាន់តែគ្រប់ជ្រុងជ្រោយ។ នាថ្ងៃទី២៧ ខែមករាលោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំពីកិច្ចការពារ និងគ្រប់គ្រងស្ថានភាពជម្ងឺវីរុស ផ្លូវដង្ហើមក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន ហើយលោកក៏បានចុះសួរសុខទុក្ខ ជាមួយអ្នកដែលបានផ្ទុកមេរោគមួយនេះ និងបុគ្គលិកសកម្មផ្នែកព្យាបាលជួរមុខ។

បច្ចុប្បន្ននេះ ប្រទេសចិនបានរួមកម្លាំងគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសមួយនេះ ដោយបានចាត់វិធានការយ៉ាងឆាប់រហ័ស យ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិទ្យាសាស្ត្រក្នុងការការពារ និងគ្រប់គ្រង។ យន្តការបន្ទាន់ថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងការការពាររួមគ្នា និងការគ្រប់គ្រងរួមគ្នាលើស្ថានភាពជម្ងឺវីរុសនេះ ដំណើរការប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ហើយបុគ្គលិកផ្នែកកិច្ចការវេជ្ជសាស្រ្ត និងសម្ភារវេជ្ជសាស្រ្ត ក្នុងប្រទេសបានបញ្ជូនទៅដល់ទីកន្លែងផ្ទាល់ និងព្រមទាំងបានចូលរួម ជួយសង្គ្រោះជាបន្ទាន់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺវិរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន គ្រប់ផ្នែកនៃការងារត្រូវបានបង្ហាញ និងតម្លាភាពនិងព្រមទាំងជំរុញយ៉ាងឆាប់រហ័ស ប្រកបដោយវិទ្យាសាស្រ្ត និងមានរបៀបរៀបរយ។ 

លោក Dr Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការ សុខភាពពិភពលោកមានប្រសាសន៍ថា សកម្មភាពដែលត្រូវបានចាត់ចែងដោយចិន ជាសកម្មភាពដែល ពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ជាវិធានការការពារ និងគ្រប់គ្រងយ៉ាងគ្រប់ជ្រុងជ្រោយ និងតឹងរឹងបំផុត ហើយវិធានការជាច្រើន លើសពីការទាមទារក្នុងបទបញ្ញត្តិសុខភាពអន្តរជាតិ ចិនបានប្រើសកម្មភាព ដើម្បីបង្ហាញពីសម្ទុះ កម្លាំង និងប្រសិទ្ធភាពនៃប្រទេសចិន។

បច្ចុប្បន្ននេះ កិច្ចការការពារ និងគ្រប់គ្រងស្ថានភាពជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងប្រទេសចិន កំពុងតែជំរុញយ៉ាងគ្រប់ជ្រុងជ្រោយ ហើយកម្លាំងការពារ និងគ្រប់គ្រងត្រូវបានពង្រឹងជាបន្តបន្ទាប់ ប៉ុន្តែទម្រង់នៃស្ថានភាពជម្ងឺវីរុស នៅតែមានភាពស្មុគស្មាញ និងមានសភាពធ្ងន់ធ្ងរដដែល។ តាមសម្តីរបស់លោកសាស្រ្តាចារ្យ Zhong Nanshan ប្រធានក្រុមជំនាញការពារ និងគ្រប់គ្រងកម្រិតខ្ពស់ក្នុង ប្រទេសចិនបានឲ្យដឹងថា ការប៉ាន់ស្មាននៃស្ថានភាព ជម្ងឺវីរុសកូរ៉ូណាប្រភេទថ្មីនេះ នឹងអាចឈានដល់ចំណុចកំពូលមួយ ហើយនិងអាចទទួលបានការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេល ៧-១០ថ្ងៃ។

យើងជឿជាក់ថាស្ថិតនៅក្រោម ការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្ស ដែលមានលោកប្រធានាធិបតីចិន Xi Jinping ជាស្នូល ការសាមគ្គីរួមគ្នាទាំងចិត្ត និងកម្លាំង ប្រាកដជាអាចប្រយុទ្ធប្រឆាំង ការពារ និងគ្រប់គ្រងជាមួយនឹង ជម្ងឺវីរុសមួយនេះយ៉ាង ឆាប់រហ័សប្រកបដោយភាពជោគជ័យ។

សំនួរ​៖ នាថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានពិនិត្យឃើញមានការ ផ្ទុកជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី មានចំនួនតែ ១ករណី រហូតមកដល់នាបច្ចុប្បន្ននេះ សូមលោកជួយបង្ហាញពីការងារ នៃស្ថានទូតចិនប្រចាំកម្ពុជា ដែលបានអនុវត្តក្នុងការទប់ស្កាត់ និងគ្រប់គ្រងលើស្ថានភាពនៃជម្ងឺវីរុសមួយនេះ។

លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ បានកើតមានឡើង ស្ថានទូតចិនប្រចាំកម្ពុជា មានការយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហានេះ បានធ្វើការ Post នៅក្នុង Website និងគណនីសាធារណៈ WeChat របស់ស្ថានទូតផ្ទាល់ជាច្រើនដងច្រើនសារ ស្តីពីការដាស់តឿនក្នុងការ ទប់ស្កាត់ស្ថានភាពជម្ងឺវីរុស និងរបៀបនៃការសុំជំនួយ ហើយក៏បានយកចិត្តទុកដាក់ ជាខ្លាំងលើស្ថានភាពប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជា និងបានរក្សាការទំនាក់ទំនងជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា យ៉ាងស្អិតរមួតផងដែរ។ 

នាថ្ងៃទី២៧ ខែមករា ក្រោយពីស្ថានទូតចិនបានដឹងថា មានប្រជាពលរដ្ឋចិនម្នាក់ដែល កំពុងតែកម្សាន្តទេសចរណ៍ក្នុងខេត្តព្រះសីហនុត្រូវបានសង្ស័យថា មានផ្ទុកនូវជម្ងឺវីរុសមួយនេះ ក៏បានធ្វើការរាយការណ៍ទៅកាន់ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា យ៉ាងទាន់ពេលវេលា ក្រោយពីបានពិនិត្យឃើញថា គាត់មានផ្ទុកនូវជម្ងឺវីរុសកូរ៉ូណា ខ្ញុំក៏បានទំនាក់ទំនង ជាមួយឯកឧត្តមសាស្រ្តាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលកម្ពុជា តាមរយៈទូរស័ព្ទ ដោយសង្ឃឹមថា ភាគីកម្ពុជាជួយរៀបចំការ សង្គ្រោះឲ្យអស់ពីកម្លាំងកាយ និងព្រមទាំងអនុវត្តកិច្ចការងារ ក្នុងការទប់ស្កាត់នូវ ជម្ងឺវីរុសប្រភេទនេះឲ្យបានល្អប្រសើរ។ 

ទន្ទឹមនឹងនេះ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជម្ងឺវីរុសកូរ៉ូណា ស្ថានទូតចិនយើងខ្ញុំបានចូលរួម យ៉ាងសកម្មក្នុងការស្វែងរក ភ្ញៀវទេសចរផ្សេងទៀតដែលរួមដំណើរ ក្នុងជើងហោះហើរ តែមួយជាមួយនិងអ្នកផ្ទុកជម្ងឺវីរុសមួយនេះ ហើយបានធ្វើការសម្របសម្រួល ជាមួយក្រុមហ៊ុនឡានម៉ីអ៊ែរឡាញ ដោយបានជញ្ជូនប្រជាពលរដ្ឋចិនចំនួន ៣៤នាក់ ដែលបានរួមដំណើរជាមួយ អ្នកផ្ទុកជម្ងឺមួយនេះ ត្រឡប់ទៅកាន់ទីក្រុងសិនជិន ប្រទេសចិនវិញ នាថ្ងៃទី២៩ ខែមករា។

ស្ថានទូតចិនយើងខ្ញុំបាន សម្របសម្រួលជាមួយសភាពាណិជ្ជកម្មខេត្តហ៊ូប៉ៃ ប្រចាំកម្ពុជា ក្នុងការបំបែកស្នាក់អាស្រ័យនៃសមាជិកទាំង៣រូបរបស់អ្នកជម្ងឺ និងកិច្ចការធានាផ្សេងៗទៀត។ មន្ត្រីខាងកុងស៊ុលនៃស្ថានទូតចិនយើងខ្ញុំ តែងរក្សាការទំនាក់ទំនង ជាមួយសមាជិកគ្រួសាររបស់អ្នកផ្ទុកជម្ងឺរូបនេះ ហើយបានធ្វើការរាយការណ៍ពីការ ស្នើសុំរបស់សាច់ញាតិ នៃអ្នកជម្ងឺជូនទៅកាន់ភាគីកម្ពុជា។ឆ្លងកាត់ការព្យាបាល ដ៏មានប្រសិទ្ធភាពយ៉ាងទាន់ពេលវេលា បច្ចុប្បន្ននេះអ្នកជម្ងឺរូបនេះ បានធូរស្បើយល្អប្រសើរហើយ គាត់បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា និងបុគ្គលិកផ្នែកវេជ្ជសាស្រ្តដោយតាមរយៈ Video Call នៃទូរស័ព្ទដៃ ហើយសាច់ញាតិនៃអ្នកជម្ងឺ បានថ្លែងអំណរគុណដល់ កិច្ចសម្របសម្រួលរបស់ស្ថានទូតចិនដោយតាមរយៈ We Chat ជាច្រើនដងច្រើនសារ។ ខ្ញុំគិតថាសូមបញ្ជាក់ ម្តងទៀតពីជម្ងឺមួយប្រភេទនេះ គឺអាចទប់ស្កាត់បាន អាចគ្រប់គ្រងបាន អាចព្យាបាលបាន។

ដំណាក់កាលបន្ទាប់ ស្ថានទូតចិននឹងប្រកាន់ភ្ជាប់ នូវឥរិយាបថក្នុងការបើកចំហ តម្លាភាព និងទំនួលខុសត្រូវ ដើម្បីបន្តរក្សាកិច្ចទំនាក់ទំនង ជាមួយភាគីកម្ពុជា រាយការណ៍ពីវឌ្ឍនភាពនៃជម្ងឺវីរុស និងស្ថានភាពប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់អាស្រ័យ នៅក្នុងប្រទេសចិន ហើយក៏ចូលរួមផ្តល់កិច្ច សម្របសម្រួលរាល់ការចាំបាច់ផងដែរ។

សំនួរ​៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មីបានកើតមានឡើង អណិកជនចិន ប្រជាពលរដ្ឋជាប់សែស្រឡាយចិន ស្ថាប័នក្រុមហ៊ុនចិន ដែលនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមរៀបចំសកម្មភាពជាបន្តបន្ទាប់ បានយកសកម្មភាពជាក់ស្តែងមកគាំទ្រជួយដល់ការងារ ទប់ស្កាត់ជម្ងឺវីរុសនេះ សូមលោកជួយបង្ហាញកិច្ចការរបស់ពួកគាត់ ដែលបានអនុវត្តកន្លងមក។

លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយ វីរុសកូរ៉ូណាប្រភេទថ្មី បានកើតមានឡើង អណិកជនចិនប្រជាពលរដ្ឋជាប់សែស្រឡាយចិន និងស្ថានប័នក្រុមហ៊ុនចិនដែលនៅក្នុងប្រទេសកម្ពុជា បានយកចិត្តទុកដាក់ពីស្ថានភាពជម្ងឺវីរុសកូរ៉ូណាក្នុងប្រទេសចិន បានព្រួយបារម្ភពីស្ថានភាពជម្ងឺវីរុសនេះ និងយល់ពីអារម្ភនៃការ រងទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសចិនហើយក៏បានយកសកម្មភាពជាក់ស្តែងមកគាំទ្រ ជួយដល់ការងារទប់ស្កាត់ និងគ្រប់គ្រងស្ថានភាពជម្ងឺវីរុស នៅក្នុងប្រទេសចិន។

សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានជំរុញសកម្មភាពវិភាគទានសប្បុរសធម៌ក្នុងការ គាំទ្រជួយស្ថានភាពនៃ ការប្រយុទ្ធប្រឆាំងជម្ងឺវីរុស មួយនេះនៅក្នុង ប្រទេសចិនយ៉ាងសកម្ម បច្ចុប្បន្ននេះ ថវិកាសប្បុរសធម៌មានចំនួនសរុបជាង ៣០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។សភាពាណិជ្ជកម្មសហគ្រាស និងសភាពាណិជ្ជកម្មតាមតំបន់នៃចិនក្នុងប្រទេសកម្ពុជាបាន ជំរុញសកម្មភាពវិភាគទានសប្បុរសធម៌ជាបន្តបន្ទាប់ ដើម្បីគាំទ្រជួយដល់កិច្ចការទប់ស្កាត់ ស្ថានភាពជម្ងឺវីរុស នៅក្នុងប្រទេសចិន។

ក្រុមហ៊ុន Cambodia Airways បានចូលរួមផ្តល់ម៉ាសនៃវេជ្ជសាស្រ្តចំនួន ១២០០០ ជូនដល់អាកាសយានដ្ឋាន អន្តរជាតិប៉ៅអាន នៃទីក្រុងសិនជិន ប្រទេសចិន ហើយបានសម្របសម្រួលជាមួយ សភាពាណិជ្ជកម្មខេត្តជឹជាំងប្រចាំកម្ពុជា ដើម្បីបញ្ជូនម៉ាសប្រភេទN95 និងម៉ាសវេជ្ជសាស្រ្តសរុបចំនួន ៣៩៦គីឡូក្រាម និងសម្ភារៈការពារជម្ងឺវីរុស ផ្សេងទៀតជូនដល់ សាលាក្រុងលីសួយ នៃខេត្តជឹជាំង ប្រទេសចិន។

ក្រុមហ៊ុនឡាញម៉ីអ៊ែរឡាញ បានសន្យាផ្តល់ការដឹកជញ្ជូនសម្ភារៈការពារស្ថានភាពជម្ងឺវីរុសនេះ ដោយឥតគិតថ្លៃរាល់ជើងហោះហើរនៃក្រុមហ៊ុន ទៅកាន់ប្រទេសចិន។ សភាពាណិជ្ជកម្មខេត្តហ៊ូប៉ៃ បានផ្តល់ម៉ាសប្រភេទ N95 ចំនួនជាង ២០៥០០ម៉ាស ដល់តំបន់ទីក្រុងអ៊ូហាន់។

ក្រុមហ៊ុន HUAWEI សាខាកម្ពុជាបានផ្តល់ សេវាកម្មប្រព័ន្ធសហគ្រាស WeLink និងសេវាកម្មផ្សេងទៀតដោយឥតគិតថ្លៃ ជូនដល់សហគ្រាស និងតម្រូវការផ្ទាល់ខ្លួន ក្នុងរយៈពេលនៃស្ថានភាព ជម្ងឺវីរុសកូរ៉ូណាដែលបានកើតឡើង។

ទាំងនេះបានបង្ហាញពី “រាល់មានការលំបាកនៅទីណាមួយ មានការគាំទ្រជួយនៅគ្រប់ទិសទី” ដែលជាក្រមសីលធម៌ប្រពៃណីនៃប្រជាជនចិន ហើយសូមថ្លែងអំណរគុណ ដល់ការគាំទ្រជួយអស់ពីកម្លាំងកាយ របស់អ្នកទាំងអស់គ្នា យើងរឹតតែមានជំនឿចិត្ត យ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង នឹងស្ថានភាពនៃជម្ងឺវីរុសមួយនេះ។

សំនួរ​ ៖ នាព្រឹក ថ្ងៃទី៣០ ខែមករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានថ្លែងមតិពាក់ព័ន្ធនឹង ជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី តាមរយៈទូរទស្សន៍ ទូទាំងប្រទេសកម្ពុជា តើលោកយល់ឃើញយ៉ាងដូចម្តេចដែរ?

លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ភាគីចិនសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រសាសន៍ របស់សម្តេចតេជោ នាថ្ងៃទី៣០ ខែមករា តាមរយៈទូរទស្សន៍ទូទាំងប្រទេសកម្ពុជា ដែលខ្លឹមសារទាក់ទងនឹងជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការចាត់វិធានការទប់ស្កាត់ និងគ្រប់គ្រងដ៏មានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស របស់រដ្ឋាភិបាលចិនចំពោះការផ្ទុះឡើងនៃជម្ងឺនេះ។ សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹង តស៊ូឈរជាមួយរដ្ឋាភិបាល និងប្រជាជនចិន ចាប់ដៃរួមគ្នាដើម្បីប្រឆាំង នឹងការផ្ទុះឡើងនៃជម្ងឺនេះ ឆ្លងកាត់នូវការលំបាកទាំងនេះជាមួយគ្នា។

កម្ពុជាក៏មិនស្នើឲ្យបញ្ឈប់រាល់ ជើងហោះហើរដែលមកពីប្រទេសចិនដែរ ហើយវិស័យទេសចរណ៍ ដឹកជញ្ជូន និងសេវាកម្មក្នុងប្រទេសមិនត្រូវ មានការរើសអើងចំពោះភ្ញៀវទេសចរ និងប្រជាពលរដ្ឋចិនដែរ។ ទន្ទឹមនឹងនេះ សម្តេចបានលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការងារ សិក្សា និងស្នាក់អាស្រ័យក្នុងខេត្តហ៊ូប៉ៃ ត្រូវតែបន្តការងាររបស់ខ្លួន នេះបានបង្ហាញពីការជឿទុកចិត្តគ្នាកម្រិតខ្ពស់របស់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលចិន។

ភាគីចិននឹងបន្តធានាពីសុវត្ថិភាព និងសុខភាពបងប្អូនកម្ពុជាទាំងអស់គ្នាដែលកំពុងតែ រស់នៅក្នុងប្រទេសចិន ផ្តល់ការជួយជូនដល់ពួកគាត់ទាំងអស់គ្នា រាល់មានតម្រូវការចាំបាច់។ ក្រៅពីនេះ សម្តេចតេជោ និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ញើសារសួរសុខទុក្ខជូនដល់ ឯកឧត្តម នាយករដ្ឋមន្ត្រីចិន Li Keqiang និងឯកឧត្តម សមាជិកក្រុមប្រឹក្សារដ្ឋចិន Wang Yi នេះបានបង្ហាញពីក្តីសង្ឃឹមនៃការតតាំងជាមួយនឹងស្ថានភាព ជម្ងឺវីរុសកូរ៉ូណាដែលចូលរួមកៀកស្មាគ្នារវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរប្រទេស។

មានតែវាយោបក់បោកខ្លាំង ទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈ នៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាបានតស៊ូឈរជាមួយប្រជាជនចិន ចាប់ដៃគ្នាប្រឆាំងនឹងជម្ងឺវីរុសមួយនេះ ក្នុងខណៈពេលដែលប្រទេសចិន កំពុងតែជួបនឹងបញ្ហាជម្ងឺវីរ៉ុសកូរ៉ូណា យើងខ្ញុំពិតជារំភើបជាខ្លាំង ត្រូវតែចងចាំក្នុងក្រអៅបេះដូងជានិច្ច។ ទាំងនេះបានបង្ហាញឲ្យឃើញពីប្រទេសកម្ពុជា ជា “មិត្តដែកថែប” នៃប្រទេសចិនពិតប្រាកដមែន ហើយចិននិងកម្ពុជា ពិតជាសហគមន៍ជោគវាសនារួមដែល “ដកដង្ហើមរួមគ្នា និងរួមលំបាកជាមួយគ្នា”យ៉ាងពិតប្រាកដ។

សំនួរ​ ៖ ក្នុងពេលថ្មីៗនេះ លោកអគ្គនាយកនៃអង្គការសុខភាពពិភពលោក បានប្រកាសអាសន្នពីការ ព្រួយបារម្ភលើផ្នែកសុខភាពសាធារណៈអន្តរជាតិ (PHEIC) ស្តីពីជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី តើលោកយល់ឃើញយ៉ាងដូចម្តេចដែរ?

លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី បានកើតឡើង រដ្ឋាភិបាលចិនមានទំនួល ខុសត្រូវខ្លាំងចំពោះសុខភាព ប្រជាពលរដ្ឋចិន បានចាត់វិធានការទប់ស្កាត់ យ៉ាងគ្រប់ជ្រុងជ្រោយ និងតឹងរឹងបំផុត ហើយវិធានការជាច្រើនបានលើសពីការកំណត់ នៃបទបញ្ញត្តិសុខភាពអន្តរជាតិ យើងមានជំនឿចិត្ត និងសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជម្ងឺនេះយ៉ាងជោគជ័យ។ ទន្ទឹមនឹងនេះ ភាគីចិននឹងប្រកាន់ភ្ជាប់នូវ ឥរិយាបថនៃការបើកចំហ តម្លាភាព និងទំនួលខុសត្រូវក្នុងការរាយការណ៍ ពីដំណឹងស្ថានភាពនៃជម្ងឺនេះយ៉ាងទាន់ពេលវេលា និងការចែករំលែកពីលំដាប់លំដោយនៃសែន របស់វីរុសមួយនេះជូនដល់ គ្រប់ស្ថាប័នដែលពាក់ព័ន្ធ។ អង្គការសុខភាពពិភពលោក និងបណ្តាប្រទេសជាច្រើន បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការមួយនេះ។

ប្រទេសចិនតែងរក្សា ទំនាក់ទំនងយ៉ាងស្អិតរមួត និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយនិងអង្គការសុខភាពពិភពលោក ហើយអ្នកជំនាញនៃ អង្គការបានចុះពិនិត្យ ទីតាំងផ្ទាល់នៃទីក្រុងអ៊ូហាន់ផងដែរ លោកអគ្គនាយក Tedros Adhanom Ghebreyesus ក្នុងរយៈពេលថ្មីៗនេះបានបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន លោកបានផ្លាស់ប្តូរយោបល់ស្តីពីកិច្ចការទប់ស្កាត់ ជម្ងឺវីរុសកូរ៉ូណាជាមួយនឹងភាគីចិន បានទទួលស្គាល់ពីកិច្ចការពារ និងកិច្ចគ្រប់គ្រងនៃភាគីចិនផងដែរ និងបានវាយតម្លៃខ្ពស់ចំពោះ ការលះបង់ដ៏ធំធេងជូនដល់ពិភពលោក ក្នុងកិច្ចទប់ស្កាត់ជម្ងឺវីរុសនៅក្នុងប្រទេសចិន។ ភាគីចិននឹងបន្តរក្សាសុវត្ថិភាពសុខភាពពិភពលោក និងតំបន់ ជាមួយនឹងអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសផ្សេងទៀត។

អ្នកទាំងអស់គ្នាបានដឹងហើយថា ក្នុងអំឡុងពេលរងការយាយីពីជម្ងឺកូរ៉ូណា អ្វីដែលគួរឲ្យខ្លាចបំផុតនោះ គឺពាក្យសម្តីចចាមអារ៉ាម និងភាពភ័យខ្លាច។ អង្គការសុខភាពពិភពលោក បានប្រកាសជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មីជា “អាសន្ននៃការព្រួយបារម្ភ លើផ្នែកសុខភាពសាធារណៈអន្តរជាតិ(PHEIC)” គឺមានប្រភពពីការពិចារណាថែរក្សាប្រទស មួយចំនួនដែលមានលក្ខខណ្ឌវេជ្ជសាស្រ្តអន់ថយ ត្រូវរំឭកពួកគេក្នុងការពង្រឹង វិធានការទប់ស្កាត់និងគ្រប់គ្រង ហើយអំពាវនាវដល់ បណ្តាប្រទេសលើពិភពលោកកុំរើសអើងឲ្យសោះ ក៏កុំបង្កឲ្យមានការរំខានដែលមិនចាំបាច់ ដល់វិស័យទេសចរណ៍ និងជំនួញពាណិជ្ជកម្មអន្តរជាតិ ត្រូវសង្កត់ធ្ងន់លើបញ្ហាជម្ងឺវីរុស លើកនេះជាការប្រឈមរួមគ្នា នៃមនុស្សជាតិទាំងឡាយ។

ប្រទេសចិនមានពាក្យចាស់ មួយតែងពោលថា “ប្រទេសដែលជួបបញ្ហាច្រើន នឹងមានវិបុលភាពនាពេលអនាគត” យើងមិនអាចភ្លេចបាន នូវបញ្ហាដែលយាយីដោយវីរុស SARS កាលពីឆ្នាំ២០០៣ តែយើងនៅតែអាចឈរជាបន្ត ហើយថែមទាំងបានសម្រេច នូវការអភិវឌ្ឍប្រទេសជាតិដ៏ធំធេងផងដែរ។ ជឿជាក់លើកនេះថា យើងនឹងអាចឆ្លងផុតនូវគ្រាដ៏លំបាកមួយនេះ ព្រោះតែយើងមានការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោកប្រធានាធិបតីចិន Xi Jinpin gជាស្នូល មានលក្ខណៈល្អពិសេស នៃការអភិវឌ្ឍដ៏មហិមាដែលត្រូវ បានសន្សំទុកអស់ជាង ៧០ឆ្នាំកន្លងមកនេះ មានបទពិសោធន៍ក្នុងការទប់ស្កាត់ និងគ្រប់គ្រងសុខភាពសាធារណៈ ដ៏សម្បូរបែបដែលត្រូវបាន សន្សំទុកចាប់តាំងពីជម្ងឺវីរុស SARS ដែលបានកើតឡើងកាលពីឆ្នាំ២០០៣ និងការប្រយុទ្ធប្រឆាំង នឹងជម្ងឺវីរុសអេប៊ុយឡាក្នុងឆ្នាំ២០១៤ ក៏រឹតតែមានលក្ខណៈពិសេសនៃប្រព័ន្ធសង្គមនិយមដែលអាចប្រមូល កម្លាំងទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹង ជម្ងឺវីរុសកូរ៉ូណាមួយនេះ ហើយនិងមានកម្លាំងគាំទ្រពេញទំហឹង ពីសហគមន៍អន្តរជាតិផងដែរ យើងមានជំនឿចិត្តក្នុងការ ប្រយុទ្ធប្រឆាំងជាមួយនឹង ជម្ងឺវីរុសមួយនេះប្រកបដោយភាពជោគជ័យ ដែលធ្វើឲ្យប្រជាពលរដ្ឋចិន និងពិភពលោកមានទំនុកចិត្ត!