បុរសម៉ាឡេស៊ី២នាក់ បង្ហាញថាខ្លួននៅរឹងមាំ ទោះបីឆ្លងជំងឺកូវីដ១៩

0


កំពត៖ បើទោះជាមានវ័យចំណាស់ជាង៦០ឆ្នាំ ជនជាតិម៉ាឡេស៊ីផ្ទុកកូវីត១៩ពីរនាក់ ដែលកំពុងស្ថិតក្រោម ការយកចិត្តទុកដាក់ព្យាបាលថែទាំយ៉ាងដិតដល់របស់មន្ទីរពេទ្យបង្អែកខេត្តកំពត បានប្រាប់ និងបង្ហាញ កាយវិកាថា ពួកគេ មានសុខភាពរឹងមាំ ដោយផ្ញើសារថា កុំមានការព្រួយបារម្ភ ឬភ័យខ្លាចចំពោះជំងឺនេះ ខ្លាំងពេក។

ខណៈដែលជំងឺរាតត្បាតជាសាកល Covid-19 មានអត្រាអ្នកផ្ទុក អ្នកឆ្លង និងអ្នកស្លាប់កើនឡើង ជាបន្តបន្ទាប់ បង្កឲ្យមានការភ័យខ្លាច និងរើសអើងគ្នា ក្នុងន័យការពារខ្លួនកុំឲ្យឆ្លងវីរុស បុរសជនជាតិ ម៉ាឡេស៊ីពីរនាក់ (ម្នាក់ អាយុ៦០ និងម្នាក់ទៀត ៦៤ឆ្នាំ) ដែលកំពុងតែទទួលសេវាព្យាបាល និងមើលថែ តាមដានសុខភាពនៅបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យបង្អែកខេត្តកំពត បានប្រាប់ឲ្យដឹងថា ពួកគេទាំង ពីរ បានទទួលទានអាហារ និងដំណេកគ្រប់គ្រាន់ សុខភាពល្អប្រសើរ និងបានអនុវត្តន៍ តាមការណែនាំរបស់ ពេទ្យ ពិសេសបានហាត់ប្រាណជារៀងរាល់ថ្ងៃ។ ពួកគេ បានអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានជួយ មើលថែ និងផ្តល់ចំណីអាហារ និងបន្ទប់ស្នាក់នៅមានផាសុកភាព។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពត លោក ឈុយ ឆូង បានឲ្យដឹងថា ជនជាតិម៉ាឡេស៊ីពីរនាក់នេះ ត្រូវបាននាំមកដាក់នៅបន្ទប់ដាច់ដោយឡែក របស់មន្ទីរពេទ្យបង្អែកខេត្តកំពត នៅថ្ងៃទី១៨ ខែមីនា ដែល រហូតមកដល់ពេលនេះ អ្នកទាំងពីរ មានសុខភាពល្អធម្មតា មិនមានអាការៈអ្វីគួរឲ្យព្រួយបារម្ភទេ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោក ញា ប៊ុនថន បានឲ្យដឹងថា គិតមកដល់ម៉ោងពេលនេះ ខេត្តកំពត មានអ្នកផ្ទុកជំងឺកូវីត១៩ តែពីរនាក់ទេ (ជនជាតិម៉ាឡេស៊ី) ហើយពួកគេ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ដោយមានសុខភាពមាំទាំនៅឡើយ៕



ប្រភពដើម