បុរាណតែស្អាតខ្លាំង! អាជ្ញាធរជាតិអប្សរា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ សង់លំនៅដ្ឋានគំរូខ្មែរបុរាណ

2


 

អាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍ និងការសាងសង់លំនៅដ្ឋាន តាមគំរូផ្ទះខ្មែរបុរាណ។

ទាំងនេះគឺ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃ រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។

អនុប្រធាននាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ លោក ស៊ឹម ប៊ុនធឿន មានប្រសាសន៍ថា រាល់ពលរដ្ឋ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការអនុញ្ញាត មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងចុះដល់ទីតាំងសាងសង់ផ្ទាល់ដើម្បី ជួយផ្ដល់ជាបច្ចេកទេសក្នុងការសង់លំនៅដ្ឋាន ដើម្បីឱ្យសមស្របតាមគំរូផ្ទះបែបខ្មែរ។

លោកបញ្ជាក់ទៀតថា ផ្ទះខ្មែរជាប្រភេទសំណង់ស្រាល ដែលងាយស្រួលសាងសង់ មិនតម្រូវឱ្យជីកដី ឬជីកគ្រឹះ ដែលអាចមានការប៉ះពាល់ដល់ បុរាណវត្ថុដែលកប់ក្នុងដីឡើយ។ ចំណែក សោភ័ណ្ឌភាពមានតម្លៃសម្រាប់ទេសភាពវប្បធម៌។

ផ្ទះខ្មែរមានលក្ខណៈចំហនៅផ្នែកខាងក្រោម សម្រាប់ខ្យល់បក់ចេញចូល ដាក់សម្ភារកសិកម្ម ចងគោ ក្របី ចិញ្ចឹមសត្វផ្សេងៗ ហើយមនុស្សរស់នៅក្រោមផ្ទះជាប្រចាំនៅពេលថ្ងៃ ជាន់ខាងលើសម្រាប់សម្រាកនៅពេលយប់។ «ខ្មែរយើងមិនសាងសង់ផ្ទះតៀមទេ។ ការសាងសង់ផ្ទះបែបនេះ វាសមស្របទៅនឹងលក្ខខណ្ឌអាកាសធាតុក្តៅ កត្តាជីវភាពរស់នៅ និងជំនឿ»។

តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ប្រភេទគំរូផ្ទះដែលគេតែងឃើញប្រជាពលរដ្ឋខ្មែរសាងសង់មានដូចជា៖ ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះរោងឌឿង និង ផ្ទះកន្តាំងជាដើម។

បច្ចុប្បន្ននេះ បើទោះបីជាវិទ្យាសាស្ត្រផ្នែកសំណង់បានរីកចម្រើនខ្លាំងក៏ពិតមែន ប៉ុន្តែប្រជាជនខ្មែរភាគច្រើន តែងនិយមសង់ផ្ទះសំបែងរបស់ខ្លួន តាមគំរូក្បួនខ្នាតពីបុព្វបុរសខ្មែរដដែល គ្រាន់តែការវិវឌ្ឍផ្តាស់ប្តូរសម្ភារសំណង់មួយចំនួន ដើម្បីកាត់បន្ថយពីការប្រើប្រាស់ឈើច្រើនមកឈើតិច ឬជំនួសដោយថ្ម ឥដ្ឋ ដែក ស្មាតបត (Smart board wall) ទៅវិញ។ សម្ភារទំនើបទាំងអស់ នេះថ្វីត្បិតជាសម្ភារទំនើបមែន ក៏ប៉ុន្តែវាអាចយកមកប្រើប្រាស់ ការសាងសង់សំណង់ហើយ បង្ហាញពីអត្តសញ្ញាណផ្ទះខ្មែរ។

អ្នកស្រី យឿន សុខា ជាអ្នកភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប មានប្រសាសន៍ថា គាត់បានស្នើសុំលក្ខណៈបច្ចេកទេស ពីអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះបែបខ្មែរបុរាណដោយប្រើសម្ភារទំនើបដូចជា ដែក ស្មាតបូត ដែលចំណាយអស់ថវិកាតិចជាងសម្ភារធ្វើពីឈើ តែរក្សារូបរាងជាផ្ទះបែបខ្មែរដដែល។ ស្រ្តីដដែលបញ្ជាក់ទៀតថា ការសាងសង់ផ្ទះបែបខ្មែរដូច្នេះងាយស្រួលរស់នៅជាងផ្ទះតៀម ថែមទាំងបានចូលរួមចំណែកថែរក្សាទេសភាពវប្បធម៌ និងលើកគុណតម្លៃបេតិកភណ្ឌជាតិផង។ អ្នកស្រីក៏ចង់ឱ្យ ពលរដ្ឋដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ រើសយកការសង់ផ្ទះ បែបខ្មែរបុរាណទាំងអស់គ្នា៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា



ប្រភពដើម