ប្រធាន​សមាគម​ CREA​ អំពាវនាវ​ឱ្យ​រួមគ្នា​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​អចលនទ្រព្យ​ – Cambodia Property News

15

ភ្នំពេញ​៖ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​ (CREA​) លោក​ ឃាង​ ពុទ្ឋី​ បាន​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ និង​សាធារណៈ​រួមគ្នា​អភិវឌ្ឍន៍​ធនធានមនុស្ស​ ក្នុង​វិស័យ​អចលនទ្រព្យ​ ដោយសារ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​កំពុង​ជួប​ការ​ខ្វះខាត​។

លោក​ ឃាង​ ពុទ្ឋី​ ប្រធាន​សមាគម​អ្នកជំនាញ​អ្នក​ចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ​ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​បច្ចេកទេស​ Royal​ Chartered​ កាលពី​ចុង​សប្តាហ៍​មុន​ថា​ វិស័យ​អចលនទ្រព្យ​មាន​វិសាលភាព​ធំធេង​ណាស់​ ដែល​វា​មិនមែន​ត្រឹមតែ​ការទិញ​ លក់​ ឬជួល​ នោះ​ទេ​ តែ​វា​នៅ​មាន​ច្រើន​ផ្នែក​ ច្រើន​សណ្ឋាន​ទៀត​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​អចលនទ្រព្យ​។ លោក​បាន​បញ្ជាក់​ទៀត​ថា​ ស្រប​ពេល​ដែល​កម្ពុជា​មានការ​រីកចម្រើន​ និង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ យើង​ឃើញថា​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​កើតមាន​ជាបន្តបន្ទាប់​ ដែល​ធ្វើ​ឱ្យ​ខ្វះ​ធនធានមនុស្ស​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា​ “ខ្ញុំ​អំពាវនាវ​ឱ្យ​មានការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ក្នុង​វិស័យ​នេះ​ ឱ្យ​បាន​កាន់តែ​ច្រើន​ ទាំង​វិស័យ​ឯកជន​ និង​រដ្ឋ​ ពិសេស​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ត្រូវ​ពង្រឹង​សមត្ថភាព​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ប្រកបដោយ​និរន្តរភាព​ និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​”។

លោក​ ឃាង​ ពុទ្ឋី​ បាន​បន្ត​ថា​ នៅក្នុងចំណោម​ក្រុមហ៊ុន​អចលនទ្រព្យ​មួយចំនួន​ ខ្លះ​ក៏​ជោគជ័យ​ ខ្លះ​ក៏​នៅ​ទ្រឹង​ ហើយ​ខ្លះទៀត​ក៏​បរាជ័យ​រហូត​បិទទ្វារ​ទៅវិញ​ក៏​មាន​ ដែ​លប​ ណ្តា​លម​កពី​ភាព​ខ្វះ​ចំណេះដឹង​ និង​ជំនាញ​នៅក្នុង​វិស័យ​នេះ​។ ដោយឡែក​សម្រាប់​ដែល​មានចំណេះ​ដឹង​លើ​ផ្នែក​នេះ​ ក៏​មិនសូវ​ជា​សម្បូរ​ច្រើនណាស់​នោះ​ដែរ​ ដែល​ភាគតិច​ណាស់​ពួកគាត់​ទៅ​ស្វែង​សិក្សា​ចំណេះដឹង​ទូទៅ​ និង​ជំនាញ​លើ​វិស័យ​មួយ​នេះ​នៅ​បរទេស​ ឬអ្នកខ្លះ​ក៏​ទទួល​បាន​ចំណេះដឹង​បន្ត​ ពី​បណ្តាញ​អ្នក​វិនិយោគ​រួមគ្នា​ដែល​ជា​ជនជាតិ​បរទេស​ ហើយ​មករ​កស៊ី​នៅ​កម្ពុជា​។

លោក​ ​Daniel​ ​Tan​ ​ប្រធាន​ក្រុមប្រឹក្សា​កម្មវិធី​សិក្សា​នៃ​វិទ្យាស្ថាន​បច្ចេកទេស​ Royal​ ​Chartered​ ដែល​ជា​អ្នកមាន​បទពិសោធន៍​ ក្នុង​វិស័យ​អចលនទ្រព្យ​មិន​តិច​ជាង​ ៤០ឆ្នាំ​មក​ហើយ​នោះ​បាន​មានប្រសាសន៍​ថា​ វិស័យ​អចលនទ្រព្យ​ គឺ​ត្រូវ​បាន​បែងចែក​ជាច្រើន​ផ្នែក​ផ្សេង​ៗពីគ្នា​ ដែល​ក្រៅពី​ការគ្រប់គ្រង​លើ​ការ​វិនិយោគ​គ្រប់គ្រង​លើ​ការសាងសង់​ ការ​ដំ​ហែរ​ទាំ​ គ្រប់គ្រង​លើ​ការ​ធ្វើ​ទីផ្សារ​ គ្រប់គ្រង​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាដើម​នោះ​ វា​នៅ​មាន​ផ្នែក​ដទៃ​ជាច្រើន​ទៀត​ ដែល​សុទ្ធតែ​មាន​សារសំខាន់​ទាំងអស់​ ដែល​ចាំបាច់​ត្រូវតែ​សិក្សា​លម្អិត​ ឱ្យ​បាន​ច្បាស់​មុន​ពេល​ចូលខ្លួន​មក​ប្រឡូក​ នៅក្នុង​វិ​ស័យ​អល​ចន​ទ្រព្យ​។

លោក​បន្ត​ថា​ “ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ថ្វី​តែ​កំពុងតែ​មាន​ភាព​រីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​ក៏​ពិតមែន​ ប៉ុន្តែ​វា​មាន​ភាព​ខ្វះខាត​ខាង​ផ្នែក​ធនធានមនុស្ស​យ៉ាង​ខ្លាំង​ ដែល​សូម្បីតែ​សាលា​បណ្តុះបណ្តាល​ជំនាញ​លើ​វិស័យ​នេះ​ នៅ​មិនទាន់​មាននៅ​ឡើយ​”។

លោក​ Dan​ Davies​ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បាន​មានប្រសាសន៍​ថា​ នៅ​វិស័យ​អចលនទ្រព្យ​មិនមែន​តែ​ផ្តោត​លើ​ការទិញ​ លក់​ ជួល​តែប៉ុណ្ណោះ​ទេ​ តែ​វា​មានការ​គ្រប់គ្រង​អចលនទ្រព្យ​ ដែល​វា​ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​នេះ​។ លោក​បន្ត​ថា​ អ្នកធ្វើការ​នៅក្នុង​វិស័យ​នេះ​ អាច​ទទួល​បាន​ប្រាក់ចំណូល​ច្រើន​ និង​មាន​ឳកាស​បាន​ដើរ​ច្រើន​បរទេស​នៅ​ជុំវិញ​ពិភពលោក​ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ឳកាស​ទាំងនេះ​ ទាមទារ​ឱ្យ​យើង​មាន​ចំ​នេះ​ដឹង​ក្នុង​វិស័យ​នេះ​ឱ្យ​បាន​ច្រើន​។

លោក​បន្ត​ថា​ “នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ មិនមែន​មានតែ​ប៉ុន្មាន​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិ​ការនោះ​ទេ​ ប៉ុន្តែ​វា​នឹង​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​នឹង​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​នា​ពេល​អនាគត​” ៕