ប្រវត្តិ​រឿង​ចូលឆ្នាំ​ខ្មែរ​

5


​ប្រវត្តិ​រឿង​ចូលឆ្នាំ​ខ្មែរ ដែល​ទាក់ទង​និង​តំណាល​ទេវៈ​កថា​ដូចតទៅ ៖ មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប​នា​សម័យ​មាន​ព្រះពុទ្ធសាសនា​ដែល​លាយឡំ​ទៅ​និង​ហិណ្ឌូ​សាសនា​មាន​សេដ្ឋី​ម្នាក់​ដែល​គោរព​នៅ​ព្រះពុទ្ធសាសនា លោក​មានកូន​ប្រុស​ម្នាក់​ឈ្មោះថា “​ធម្មបាល​កុមារ​” ដែលមាន​នូវ​ចំណេះវិជ្ជា​ដ៏​វិសេស ចេះ​ភាសាសត្វ និង​បាន​រៀន​ចេះ​ចប់​គម្ពីរ​ត្រៃវេទ​តាំងពី​អាយុ​បាន ៩​ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាង អាស្រម​មួយ​ឲ​ធម្មបាល​កុមារ​ដើម្បី​ជាការ​ធ្វើ​សម្មាធិ “​ធម្មបាល​កុមារ​”​បាន​ក្លាយជា​អាចារ្យ​ក្មេង​ស​មែ្ត​ង​មង្គល​ទេសនា​ផ្សេងៗ​ដល់​មនុស្ស​ទាំងពួង​ផង​ក្នុង​លិ​ទ្ធិ​ពុទ្ធសាសនា ។ គ្រានោះ​ការ​សាបព្រោះ​ព្រះពុទ្ធសាសនា​របស់​ធម្ម​បាល​កុមារ​បាន​ល្បី​រន្ទឺ​ដល់​កបិល​មហាព្រហ្ម “​ទេវៈ​មុខ​៤” ដែលជា​អ្នក​ស​មែ្ត​ង​មង្គល​ដល់​មនុស្ស​ទាំងពួង​ក្នុង​លទ្ធិ​ព្រហ្មញសាសនា​។ ពេលនោះ​កបិល​មហាព្រហ្ម បាន​ប្រ​មើរ​មើល​ហើយ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​អវតា​ព្រះ​វិ​ស្ណុះ​ទៅ​ចាប់កំណើត​ជា​ធម្មបាល​កុមា​រហើយ​ប៊ែ​រ​ជា​ទៅ​គោរព​ព្រះពុទ្ធសាសនា​វិញ​!​ដើម្បី​ចង់​ផ្ចាញ់​ព្រះ​វិ​ស្ណុះ​ដែល​ចាប់កំណើត​ជា​ធម្មបាល​កុមារ កបិល​មហាព្រហ្ម​ក៏​ក្រឡា​ខ្លួន​ជាស​មនៈ​ព្រហ្ម (​ពួក​ព្រាហ្មណ៍​) យាង​ចុះមក​សួរ​នៅ​ចំនោទ​ប្រស្នា “៣​ប្រការ​” ដល់​ធម្មបាល​កុមារ ដោយ​សន្យា​ទុក​ថា បើ​ដោះប្រស្នា​បាន​អ​ត្មា​ដែលជា​សមនៈ​ព្រហ្ម​នេះ​និង​កាត់​ក្បាល​បូជា ចំពោះ​ធម្មបាល​កុមារ តែបើ​ធម្មបាល​កុមារ​ដោះប្រស្នា​នេះ​មិន​រួច​ទេ អ​ត្មា​និង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ​។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារពេល​ចំនួន ៧​ថៃ្ង​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លងទៅ ៦​ថៃ្ង​ហើយក៏​នៅតែ​គិត​មិនឃើញ​ដឹងខ្លួន​ថា​ព្រឹក​នេះ​នឹង ត្រូវស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ​ដូ​ចេះ្ន គួរតែ​រត់ ទៅ​លាក់ខ្លួន ពួន​អាត្មា​ឲ្យ​ឆ្ងាយ​ប្រសើរ​ជាង​។ ការ​គេចវេស​របស់​ធម្មបាល​កុមារ​បាន​ទៅ​សំរាក​នៅ​ដើមត្នោត​មួយ​ដែលជា​សំបុក​សត្វ​ឥ​ន្រី្ទ​ញី​ឈ្មោល​មួយគូ ដែល​សត្វ​ឥន្ទ្រី​នោះ​ជាការ​ក្រឡា​ខ្លួន​របស់​ស្ដេច​គ្រុឌ​ដែលជា​យាន្ត​ជំនិះ​របស់​ព្រះ​វិ​ស្ណុះ​ដែល​ចាំ​ជួយ​ដល់​ទ្រង់​ដែល​ចាប់កំណើត​ជា​អវតា​មនុស្ស ។​

ឥន្ទ្រី​ទាំងនោះ​ធ្វើជា​ជជែក​គ្នា​ថា​៖

​ឥន្ទ្រី​ញី​សួរថា :​តើ​ព្រឹក​នេះ​យើង​បាន​អាហារ​អ្វី​ស៊ី​?

​ឥ​ន្រី្ទ​ឈ្មោល​ឆ្លើយថា : យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កបិល​មហាព្រហ្ម​សម្លាប់ ព្រោះ​ដោះប្រស្នា​មិន​រួច។​

​ឥ​ន្រី្ទ​ញី​សួរថា ប្រស្នា​នោះ​ដូច​មេ្ត​ច ?

​ឥ​ន្រី្ទ​ឈ្មោល​ឆ្លើយថា : តើ​វេលា​ព្រឹក​សិរី​សួ​សី្ត​ស្ថិតនៅ​ត្រង់ណា​នៃ​មនុស្ស ?

“​ប្រស្នា​ទី​១ ត្រូវ​ឆ្លើយថា នៅមុខ​”​ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លប់មុខ ដើម្បី​ជា​មង្គល​ពេលព្រឹក​។​

​ឥន្ទ្រី​ឈ្មោល​បន្ត តើ​ថៃ្ង​ត្រង់​សិរី​សួស្ដី​ស្ថិតនៅ​ត្រង់ណា នៃ​មនុស្ស​? “​ប្រស្នា​ទី​២ ត្រូវ​ឆ្លើយថា នៅ​ដើមទ្រូង​” ដែល​ហេតុ​នោះ​ពេល​ថ្ងៃត្រង់​ក្ដៅ​ខ្លាំង​ទើប​មនុស្ស​ត្រូវយក​ទឹក​លាង​ទ្រូង​ដើម្បី​ជា​មង្គល​ពេល​ថ្ងៃ​។​

​ឥន្ទ្រី​ឈ្មោល​បន្តទៀត តើ​វេលា​ព្រលប់​ចូលដេក​សិរី​សួស្ដី​ស្ថិតនៅ​ត្រង់ណា នៃ​មនុស្ស​? “​ប្រស្នា​ទី​៣ ត្រូវ​ឆ្លើយថា នៅ​ជើង ហេតុនេះ ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លាង​ជើង​មុន​និង​ចូលដេក​ដើម្បី​ជា​មង្គល​ពេលយប់​ព្រលប់​។​
​ធម្មបាល​កុមារ​បានលឺ​ដូ​ចេះ្ន​មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ក៏​ត្រឡប់​ទៅ​អាស្រម​វិញ​ដើម្បី​ដោះប្រស្នា​នៅ​ថៃ្ង​ទី​៧​ជា​ថ្ងៃ​ចុងក្រោយ​ដែលជា​ថ្ងៃអាទិត្យ​។ ក្រោយមក​ធម្មបាល​កុមារ​បាន​ឆ្លើយ​ដោះស្រាយ​ប្រស្នា​នោះ​រួច​ពីស​មនៈ​ព្រហ្ម​នោះ សមនៈ​ព្រហ្ម​នោះ ក៏​សុខចិត្ត​ចាញ់​និង​កាត់​ក្បាល​ដើម្បី​បូជា ។ សមនៈ​ព្រហ្ម​នោះ​មុន​និង​កាត់​ក្បាល​បាន​ក្រឡា​ខ្លួន​ជា​កបិល​មហាព្រហ្ម​វិញ រួច​ហៅ​ទេពធីតា​ទាំង ៧​អង្គ​ដែលជា​បុត្រី​ខ្លួន មក​ប្រាប់ថា ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល​បូជា​ចំពោះ​ធម្មបាល​កុមារ ដែល​ចាញ់​ភ្នាល់​ប្រស្នា​នោះ តែបើ​ដាក់​ក្បាល​បិតា​នៅលើ​ផែនដី ក៏​នឹង​កើតជា​ភ្លើង​ឆេះ​ទាំង​លោកធាតុ ហើយ​បើ​បោះ​ទៅលើ​អាកាស​និង​គ្មាន​ភ្លៀង​រាំងស្ងួត បើ​ចោល​ក្នុង​មហាសមុទ្រ​ទឹក​និង​រីងស្ងួត​ហួត​អស់ ចូរ​បុត្រី​យកទៅ​តម្កល់​នៅ (​ភ្នំ​ព្រះ​សុ​ម៉ែ​) ដូ​ចេះ្ន​សូម​បុត្រី​ទាំង​៧ យកពាន​មក​ទទួល​ក្បាល​របស់​បិតា បណ្ដាំ​ចប់​ហើយ កបិល​មហាព្រហ្ម​ក៏​កាត់​ក្បាល​ហុច ទៅ​ឲ្យ​នាង​ទុ​ង្សៈ​ទេវី ដែលជា​កូនច្បង ។ នាង ទុ​ង្សៈ​ទេវី ក៏​យកពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហោះហើរ​ហែរ​ប្រទក្សិណ​ភ្នំ​កៃឡាស​ចំនួន ៦០​នាទី ហើយក៏​យក​ជើងពាន​ដែល​ទ្រ​ក្បាល​បិតា​នោះ​ទៅ​ប្រតិស្ឋាន​ទុក ក្នុង​មណ្ឌល​នៅក្នុង​គុហា​គន្ធ​មាលី នៃ​ភ្នំ​ព្រះ​សុ​ម៉ែ​រុ នៅឯ​ឋានសួគ៌ រួច​បូជា​នៅ​គ្រឿង​ទិព្វ​ផ្សេងៗ​។ ក្រោយមក​ទេពធីតា​ទាំង​៧​អ​ង្អ ក៏​ប្រ​សិ​ដ្ឋ​នាម ធម្មបាល​កុមា​រថា (​ព្រះ​ពិ​ស្ណុះ​ការណ៍​) ដោយ​ប្រែ​មក​ថា “​ព្រះ​វិស្សកម្ម​ទេវបុត្រ​” ហើយ​បាន​ឲ្យ​ត្បូង​កែវ ៧​គ្រាប់​ឈ្មោះថា “​ភគវតី​សភា​” ទៅ​ធម្មបាល​កុមារ ។​

​ត្បូង​ពណ៌​ក្រហម (​ឈ្មោះថា​បទុម​រាជ​) ឆ្លាក់​ជា​រូប​ព្រះឥន្ទ្រ ព្រះ​កែវ​ភ្លើង ព្រះ​នៃ​ពន្លឺ ។​

​ត្បូង​ពណ៌​ស្វាយ (​ឈ្មោះថា​បុ​ក្តា​) ដាក់​ក្នុង​ដង​ព្រួញ របស់​ព្រះ​ពិ​ស្ណុះ​ការណ៍ ឬ ព្រះរាម ។​
​ត្បូង​ពណ៌​ខៀវ (​ឈ្មោះថា​មោរ៉ា​)​ដែល​ចុងក្រោយ ក្លាយជា​របស់​នាង អរ​ក្ខៈ​ទេវី ទេវតា​តំណាង​ឲ្យ​ផ្គរលាន់ ត​មក​រឿងព្រេង មណី​មេខា​លា ។​
​ត្បូង​ពណ៌​លឿង (​ឈ្មោះថា​ពិទូរ្យ​) ធ្វើជា​គ្រាប់ភ្នែក ដាក់​ក្នុង​ព្រះ​នេត្រ​រូបចម្លាក់ ព្រះ​សិរិ​អារ្យ​មេត្រី ដែលជា​ព្រះពុទ្ធ​ចុងក្រោយ​នៃ​សាសនា របស់​ព្រះពុទ្ធ​ទាំង ៥​ព្រះអង្គ ។​
​ត្បូង​ពណ៌​បៃតង (​ឈ្មោះថា​មរកត​) ឆ្លាក់​ជា​រូប​ព្រះ​ពុទ្ធអង្គ​ព្រះ​កែវ​មរកត ។​
​ថ្លើមថ្ម​ពណ៌​ស (​ឈ្មោះថា​បុស្ស​រាគ​ម័​) បាន​កើតជា​ស្វា ស​ហនុមាន ។​
​ត្បូង​នី​ល​ពណ៌​ខ្មៅ (​ឈ្មោះថា​និល​វ​ត័​ន៍​) បាន​កើតជា​ស្វា​ខ្មៅ ឈ្មោះ និល​ភ័​ក្រ អ្នក​នាំសារ​របស់​ព្រះរាម ។​
​ត្បូង​ទាំង ៧​គ្រាប់​តម​ក​ដំណើរ (​រឿង​រាមកេរ្តិ៍​) នៅពេលដែល​ព្រះ​ពិ​ស្ណុះ​ការណ៍​ធំ​ពេញវ័យ នាង​កោស​កល្យាណ ដែល​ត្រូវជា​មហេសី ព្រះបាទ​ទស្ស​វង្ស បាន​យក​ទ្រង់​ធ្វើជា​កូន ហើយ​នាំចូល​ទៅក្នុង​រាជវាំង​រួច​តែងតាំង​ទ្រង់​ជា ព្រះរាម ។ ជា​ចុងក្រោយ លុះដល់​គម្រប់ ១​ឆ្នាំ​ជា សង្ក្រាន្ត​នាង​ទេពធីតា​ទាំង​៧​ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ ក្បាល​កបិល​មហាព្រហ្ម​ដែលជា​បិតា​ខ្លួន ចេញមក​ហែរ​ប្រទក្សិណ ភ្នំ​កៃឡាស រាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​យក​ក្បាល​ព្រះព្រហ្ម​ទៅ​ទុក​ក្នុង​គុហា​គន្ធ​មាលី នា​ព្រះ​សុ​ម៉ែ នា​ឋាន​ទេវលោក​វិញ ។ [១]

បកស្រាយ អំពី​ប្រភព​ដែល​កើតមាន​ទេពធីតា​សង្ក្រាន្ត​ទាំង​៧

​ព្រះព្រហ្ម ជា​អាទិទេព​ចំបង​បំផុត​នៃ​ព្រាហ្មណ៍​សាសនា ព្រោះ​ព្រះព្រហ្ម​ជា​អ្នកបង្កើត​លោក ភាវៈ ធម្មជាតិ ទាំងអស់​នឹង​គម្ពី​រវេ​ទ​ពោល​គឺជា​អ្នក​សាង​លោក​។​

លក្ខណៈពិសេស​សំគាល់​ព្រះព្រហ្ម ៖

​-មុខ​បួន​
-​ដៃ​បួន​កាន់​គម្ពីរ​វេទ ឬ ផ្កាឈូក​
-​កាយ​សម្បុរ​ក្រហម​
-​កេតនភណ្ឌ ថូផ្កា ថាស ស្លាបព្រា​
​-ពាហនៈ សត្វ​ហង្ស​ជា​យានជំនិះ​

​មហេសី​ទី​1 នាង​ហ្គ៉ា​យ៉ា​ទ្រី នាង​មិន​មានកូន​នោះទេ ទើប​ព្រះព្រហ្ម​ឲ្យ​នាង​ផឹក​អង្កាំ​ប្រាំពីរ​គ្រាប់ ដែល​នៅក្នុង​កេតនភណ្ឌ ថូផ្កា របស់​ព្រះព្រហ្ម ហើយ​បង្កើតបាន​បុត្រី​ទាំង​៧ តំណាង​ឲ្យ​ ​ថ្ងៃ​ទាំង​៧​នៅលើ​ផែនដី​មាន នាង​សង្ក្រាន្ត (​ទុ​ង្សៈ​ទេវី​) (​គោ​រាគៈ​ទេវី​) (​រាគ្សៈ​សា​ទេវី​) (​ម​ណ្ឌា​ទេវី​) (​កិ​រិ​ណ​នី​ទេវី​) (​កិ​មិ​រ៉ា​ទេវី​) (​ម​ហោ​ទរា​ទេវី​) ។​

​មហេសី​ទី​2 នាង​សា​រ៉ាវ​ត្តី នាង​មាន​បុត្រ​បី​អង្គ (​ទ​ក្សៈ​) (​ភុ​គ៌ៈ​) (​សន្ធិយា​) ។​

​ទំនៀម​ចូលឆ្នាំ​

​ទំនៀម​ពិធី​ចូលឆ្នាំ​ប្រព្រឹត្តទៅ​ចំនួន ៣ ថ្ងៃ​។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ មហាសង្ក្រាន្ត​, ថ្ងៃទី​២ ជា​ថ្ងៃ វន​បត​, ថ្ងៃទី​៣ ជា​ថ្ងៃ ឡើងស័ក​។ រីឯ​ការកំណត់​ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុតកំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះមក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹងបាន​ដោយ​ប្រើ​ក្បួន​ហោរាសាស្ត្រ​បុរាណ គឺ​ក្បួន​ម​ហាស​សង្ក្រាន្ត​។​

​ចាប់ពី​សម័យ​ក្រុង​នគរធំ​មក ប្រទេស​ខ្មែរ​ប្រើ​វិធី​គិត​រាប់​ថ្ងៃខែ​ឆ្នាំ​តាម​ក្បួន​ចន្ទគតិ (​ដំណើរ​នៃ​ព្រះ​ចន្ទ​) ទើប​ខ្មែរ​កំណត់​យក​ខែ មិគសិរ ជា​ខែ​ចូលឆ្នាំ ហើយ​ជា​ខែ​ក​ក្តិ​ក ជា​ខែ​ទី ១២​។ សម័យ​ក្រោយមក ប្រទេស​ខ្មែរ​ប្តូរ​ទៅប្រើ​វិធី​គិត​រាប់​ថ្ងៃខែ​ឆ្នាំ​តាម​ក្បួន សុរិយគតិ (​ដំណើរ​នៃ​ព្រះអាទិត្យ​)​។ ពេលនោះ​ហើយ​ដែល​ខ្មែរ​កំណត់​ចូលឆ្នាំ​ក្នុង​ខែចេត្រ (​ខែ​ទី ៤) ព្រោះ​ក្នុង​ខែ​នេះ ព្រះអាទិត្យ​ធ្វើដំណើរ​ចេញពី មីនរាសី ចូលកាន់ មេសរាសី​។ ថ្ងៃ​ចូលឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃទី ១៣ នៃ​ខែ មេសា (​ចេត្រ​) រៀងរាល់ឆ្នាំ ប៉ុន្តែ​បើសិន​ឆ្នាំ​ថ្មី​មាន​ថ្ងៃ​ជាន់គ្នា​នឹង​ឆ្នាំ​ចាស់ (​ឧ​: ថ្ងៃអាទិត្យ​ក្នុង​ថ្ងៃ ១៣ នៃ​ឆ្នាំ​ចាស់​ដូច​ឆ្នាំ​បន្ទាប់​) គេ​ត្រូវ​លើក​ថ្ងៃ​ចូលឆ្នាំ​មួយថ្ងៃ (​ថ្ងៃ ១៤) ហើយ​ថ្ងៃ​ចូលឆ្នាំ ជា​អតិបរមា​មិនអោយ​ហួស​ពីថ្ងៃ ១៦​។ ម​ហាស​សង្ក្រាន្ត ប្រើ​របៀប​គន់គូរ​តាម សុរិយគតិ មាន​ឈ្មោះថា “​សាមញ្ញ​សង្ក្រាន្ត​” (​ព្រះអាទិត្យ​ដើរ​ត្រង់​ពីលើ​ក្បាល​ជា សង្ក្រាន្ត​)​។ មហាសង្ក្រាន្ត ដែល​ប្រើ​របៀប​គន់គូរ​តាម​ចន្ទគតិ ហៅថា “​អា​យន្ត​សង្ក្រាន្ត​” (​វេលា​ដែល​ព្រះអាទិត្យ​ដើរ​ប​ញ្ឈៀ​ង មិន​ត្រង់​ពីលើ​)​។ គេ​នៅ​ប្រើ​ចន្ទគតិ ដោយយោង​ទៅ​សុរិយគតិ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង ពុទ្ធ​ប្បញ្ញត្តិ​ច្រើន​។ ចំណែកឯ​ថ្ងៃ​ចូលឆ្នាំ​តាម​ចន្ទគតិ មិន​ទៀងទាត់​ជួនកាល​ចូលឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ក្នុង​វេលា​រនោច​។ ប៉ុន្តែ​នៅក្នុង​រវាង ១ ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ ចេត្រ និង មិន​ហួស​ថ្ងៃ ៤ កើត ខែ ពិសាខ​ទេ​។ ដូចនេះ សង្ក្រាន្ត​ខ្លះ អាច​ធ្លាក់​ទៅក្នុង​ខែ ពិសាខ​។​

ទំនៀម​ផ្សេងៗ ដែល​ប្រជាជន​ខ្មែរ​រៀបចំ​តាម​ប្រពៃណី មាន​ដូចតទៅ ៖

​ពេលមុន​ចូលឆ្នាំ គេ​នាំគ្នា​ប្រុងប្រៀប រក​ស្បៀងអាហារ សំអាត​ផ្ទះសម្បែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក និង កាត់​សំលៀកបំពាក់​ថ្មីៗ ជាដើម​។​

​ថ្ងៃ​ចូលឆ្នាំ​មកដល់ គេ​រៀប​គ្រឿង​សក្ការៈបូជា សំរាប់​ទទួល​ទេវតា​ថ្មី ចំណែក​ផ្ទះសម្បែង គេ​តុបតែង​រំលេច​ដោយ​អំពូល អគ្គិសនី ខ្សែ​តូចៗ ចម្រុះ​ពណ៌ ឬ​ចង្កៀងគោម គ្រប់​ពណ៌ សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះដល់​វេលា​កំណត់ ទេព្តា​ថ្មី​យាង​មក គេ​នាំ​កូនចៅ​អង្គុយ​ជុំគ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់ស្រន់ សុំ​សេចក្តីសុខ​ចម្រើន គ្រប់ប្រការ ពី​ទេព្តា​ថ្មី​។ ចំពោះ​គ្រឿង​សក្ការៈ និង ក្រយា​ស្ងើ​យ ដាក់ថ្វាយ​ទេ​ព្តោ​នាះ គេ​និយម​តម្រូវ​តាមចិត្ត​ទេវតា​ដែល​នឹង​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ រីឯ​ពិធី ៣ ថ្ងៃ នៃ​ថ្ងៃ​ចូលឆ្នាំ​នោះ​គឺ ៖

​ថ្ងៃទី ១ ៖ គេ​ត្រូវ​ជួបជុំ​គ្រួសារ ត្រៀម​អុច​ធូប​បន់ស្រន់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែល​ចុះមក​ដើម្បី​សុំ​នូវ​សេចក្ដីសុខ ហើយ​និង​ការ​បន់ស្រន់​សុំ​សំរេច​នូវ​បំណងប្រាថ្នា​អ្វីមួយ​ពី​ទេវតា​ឆ្នាំ​ថ្មី បន្ទាប់មក​កូនចៅ​ជូន​សំលៀកបំពាក់ នំចំណី លុយកាក់ ដល់​អ្នកមានគុណ មាន​ឪពុកម្តាយ ជីដូន​ជីតា ជាដើម ជួនកាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀតផង ។​

ថ្ងៃទី ២ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ភិក្ខុ​ទាំងឡាយ​នៅតាម​វត្ត​អារាម ពេល​ល្ងាច​គេ​នាំគ្នា​ជញ្ជូន​ខ្សាច់​សាង វាលុកចេតិយ នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណាមួយ​នៅក្នុង​វត្ត​នោះ​។ នៅពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ ដល់​ភិក្ខុ​ទាំងឡាយ និមន្ត​ភិក្ខុ​សូត្រ​ចម្រើន​ព្រះ​បរិត្ត និង សំដែង​ធម្មទេសនា​។ ពេល​រសៀល គេ​នាំគ្នា​ទៅ​ពូន​ភ្នំខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្ម​ត់​ទុក​ដូច​ចូឡាមនី​ចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំងឡាយ បង្សុកូល​ចេតិយ បញ្ជូន​មគ្គផល ដល់​វិញ្ញាណក្ខន្ធ​បងប្អូន ដែល​បាន​ស្លាប់ទៅ​។​

​ថ្ងៃទី ៣ ៖ ពេលព្រឹក​គេ​និមន្ត​ព្រះ​រស់នៅ​ក្នុងផ្ទះ​ដែល​យើង​ហៅថា​ឪពុក​ក​ម្ដាយ​ដើម្បី​ស្រង់ទឹក​លាងបាប និង ជាការ​ដឹងគុណ​ផង ពេល​ថ្ងៃ​គេ​ទៅ​ស្រង់​ព្រះ​ពុទ្ធបដិមា​ដើម្បី​យក​ទឹក​មក​លប់​លាងមុខ​ដើម្បី​ជំ​រះ​នៅ​ឧ​ប​ទ្រុ​ព្ទ​ចង្រៃ​ផ្សេងៗ រួច​គេ​និមន្ត​ភិក្ខុ​ទាំងឡាយ​សូត្រ​ឆ្លង​ភ្នំខ្សាច់ ពេល​ល្ងាច​ភិក្ខុសង្ឃ​ត្រូវ​ចេញទៅ​ស្រង់ទឹក​ជូន​ឧបាសក់​នៅតាម​ភូមិ​ស្រុក​វិញ​ដើម្បី​ជំ​រះ​នៅ​ឧ​ប​ទ្រុប​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់ ដើម្បី​បញ្ជាក់​អត្ថន័យ​ថា ការធ្វើ​អំពើ​ល្អ​ទៅ អំពើ​ល្អ​និង​ត្រលប់​សង​មកវិញ​។ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ទាំងបី​ថ្ងៃនេះ គេ​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជាច្រើន ដូចជា​ល្បែង ទាញព្រ័ត្រ ស្ដេចចង់ បោះអង្គញ់ ចោល​ឈូង លាក់កន្សែង ខ្លែង​ឆាប​កូន​មាន់ ជាដើម និង មាន​របាំ​ត្រុដិ (​ច្រើន​មាននៅ​បាត់ដំបង និង សៀមរាប​) ជាពិសេស​ទៀត​គឺ​រាំ​តាម​ចង្វាក់​ភ្លេងសម័យ តែ​អាស្រ័យ​ទៅតាម​ការនិយម​ចូលចិត្ត​របស់​មនុស្សម្នា​ក់ៗ​។ អ្នកខ្លះ​និយម​នាំគ្នា​ដើរ​កំសាន្ដ​បន្ត អ្នកខ្លះ​និយម​ធ្វើបុណ្យ​ទាន​តាម​វត្ត​អារាម​។​

អត្ដ​ន័យ​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​

​រៀងរាល់ឆ្នាំ ជនជាតិខ្មែរ​និយម​រៀបចំ​ពិធី បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​ថ្ងៃទី ១៣ ខែមេសា (​យូរៗ​ម្ដង ថ្ងៃ ១៤ ឬ ១៥ ឬ ១៦ ខែមេសា​) ត្រូវ​នឹង​ខែចេត្រ ឬ​ពិសាខ នៃ​ចន្ទគតិ​។​

ជនជាតិ​ណា​ក៏​ប្រារ​ព្ឋ​ធ្វើបុណ្យ ចូលឆ្នាំថ្មី​របស់ គេ​ដែរ​។ ចំពោះ​ខ្មែរ​យើង នាំគ្នា​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រ​ពី​ណី​ជាតិ ជា​រៀងរាល់ឆ្នាំ ព្រោះ​យើង​យល់ថា​បុណ្យចូលឆ្នាំថ្មី មាន​អត្ថន័យ​ជ្រាលជ្រៅ​។ ខ្មែរ​មានជំនឿថា ក្នុង​មួយឆ្នាំ​នៃ​ការរស់នៅ គេ​តែង​ជួបប្រទះ​អពមង្គល ឧ​ប​ទ្រព្យ​ចង្រៃ​ផ្សេងៗ ជូន​កាល​មានទុក្ខ​សោក ជួនកាល​មាន​គ្រោះអាសន្ន ជួនកាល​មាន​ជំងឺ​រូប​រឹត​រាងកាយ ជូន​កាល​ទៀត បាន​ប្រ​ព្រឹ​ត្ដ​អំពើ​សៅហ្មង មិន​គប្បី​។ លុះ​ផុត​ឆ្នាំ​ចាស់​ទៅ គេ​នាំគ្នា​ធ្វើបុណ្យ គេ​ស្លៀកពាក់​ថ្មីៗ គេ​នាំគ្នា​ដើរលេង​កំសាន្ដ ដើម្បី​ឲ្យ​អស់​កង្វល់ ហើយ​ឲ្យ​មាន​សិរី​សួស្ដី មាន​សិរី​សូ​ស្ដី​មាន​សុភមង្គល​នៅក្នុង​ឆ្នាំ​ថ្មី​។​

​ម្យ៉ាងទៀត រយៈពេល​មួយឆ្នាំ ពួកគេ​បាន​បែក​ចេញពី គ្រួសារ និង ញាតិ​មិ​ត្ដ ទៅ​ប្រក​របរ​ចិញ្ចឹម​ជិវិត​នៅ​ទី​ឆ្ងាយ ៗ​។ លុះដល់​ឆ្នាំ​ថ្មី គេ​បាន​វិល​មក​ជូ​ប​ជុំគ្នា សូរ​សុខទុក្ខ​គ្នា ដើម្បី​ប​ន្ឋូ​រការ​នឹករឭក និង​បំបាត់​ការនឿយហត់​ពី​ការងារ​ផង​។ រួច​ទើប​បន្ដ​ជីវភាព​ថ្មី​នៅក្នុង​ឆ្នាំ​ថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង អាយុ​យឺនយូរ​។ ម្យ៉ាងទៀត ពិធីបុណ្យ​ចូលឆ្នាំថ្មី​គឺជា​ប្រពៃណី​អាច​បណ្ដុះ​ស្មារតី​ស្រឡាញ់​រាប់អាន​គ្នា​រវាង​អ្នកភូមិ​ស្រុក​ជិតខាង​គ្នា ជា​កត្ដា​បង្កើត​សាមគ្គីភាព​ជាតិ​។ ហេតុនេះហើយ ទើប​នៅពេលនោះ គេ​មិន​ត្រឹមតែ​ជួបជុំគ្នា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​គេ​នាំគ្នា​ទៅធ្វើ​បុណ្យ​នៅ​វត្ដ​អារាម ដែលជា​មជ្ឈមណ្ឌល​អប់​រំ​ឲ្យ​មានការ​មនុស្សធម៌ និង សាមគ្គីភាព​។ ដោយសារ​ពី​ធី​បុណ្យ​ចួ​ល​ឆ្នាំ​ថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាងនេះ ទើប​ខែ្មរ​យើង​និយម​រាប់អាន​ទុកជា ប្រពៃណីជាតិ​តាំងពីដើម​រហូតមក​។​

និមិត្តសញ្ញា​តំណាង​ឲ្យ​រាសី ឬ ខែ​នីមួយៗ​ក្នុង​ប្រក្រតីទិន​ខ្មែរ​

​ដោយសារ​ប្រទេស​ខ្មែរ​បានទទួល​ឥទ្ធិពល​សាសនាព្រាហ្មណ៍ (​លទ្ធិ​ហិណ្ឌូ​) ទើប​ជនជាតិខ្មែរ​នៅតែ​បន្ត​ប្រើប្រាស់​ក្បួន​គម្ពីរ សាស្ត្រា​បុរាណ​របស់​លទ្ធិព្រាហ្មណ៍​ក្នុងការ​គិតគូរ​រៀបចំ​ធ្វើ​កិច្ច​នានា​ខាង​សាសនា​។ តាម​ក្បួន​តារាសាស្ត្រ ឬ​ហោរាសាស្ត្រ​បុរាណ​នៃ​លទ្ធិព្រាហ្មណ៍ គេ​យល់ថា​ផ្ទៃមេឃ​មាន​រាងដូចជា​រង្វង់​មូល និង នៅ​ស្ងៀម​មួយកន្លែង​ដូចជា​ផែនដី​ដែរ​។ គេ​យល់ថា​ព្រះអាទិត្យ​ដើរ​ជុំវិញ​ផែនដី តាម​គន្លង​គោចរ​ដែលមាន​រូបសណ្ឋាន​ដូចជា​រង្វង់ ទើប​ពួកគេ​ហៅថា រាសីចក្រ ឬ ចក្ររាសី (​រង្វង់​រាសី​) ដែល​ត្រូវ​នឹង​មួយឆ្នាំ​។​
​ដោយសារតែ​ពួកគេ​មើលឃើញ​នៅលើ​លំហ​មេឃ​មាន​ផ្កាយ (​តារា​) ជាច្រើន​នៅក្បែរៗ​គ្នា​ហើយ​មាន​សណ្ឋាន​ដូចជា​រូប​ផ្សេងៗ ដូចជា​រូប​ចៀម​ឬ​ពពែ​ឈ្មោល​, គោ​ឈ្មោល​, មនុស្ស​ប្រុស​ស្រី​, ក្តាម​, សិង្ហ​, ស្រី​ក្រមុំ​, ជញ្ជីង​, ខ្ទួយ​, ធ្នូ​, ត្រី​មករ (​ត្រី​ថ្ករ ឬ ត្រី​ឆ្លាម​មករ​), ក្អម​, និង ត្រី ដូច្នេះហើយ​ទើប​ពួកគេ​ដាក់ឈ្មោះ​បណ្តុំ​ផ្កាយ (​នក្ខត្តឫក្ស ឬ នក្សត្រ​) តាម​រូបភាព​ស្រដៀង​ទាំងនោះ​។ ពួកគេ​ចែក​ផ្ទៃមេឃ​ជា ១២ ចំណែក ឬ ល្វែង​(​រាសី​) ដោយ​ដាក់ឈ្មោះ​ចំណែក​នីមួយៗ​ស្របតាម​រូបរាង​នៃ​បណ្តុំ​ផ្កាយ ដូចជា មេសៈ ឬ​មេសរាសី ឧសភៈ ឬ​ឧសភរាសី មិថុនៈ ឬ​មិថុនរាសី​, កក្កដៈ ឬ​កក្កដ​រាសី សីហៈ ឬ​សីហរាសី កញ្ញា ឬ​កញ្ញា​រាសី តុលា ឬ​តុលា​រាសី វិច្ឆិកៈ ឬ​វិច្ឆិករាសី ធនុ ឬ​ធនុរាសី មករៈ ឬ​មកររាសី កុម្ភៈ ឬ​កុម្ភ​រាសី និង មីនៈ ឬ​មីនរាសី​។ ដោយសារតែ​ពួកគេ​កំណត់​យក​មេសរាសី (​ខែមេសា​) ជា​រាសី​ទីមួយ ទើប​ជនជាតិខ្មែរ​ចាប់​គិតថា​ខែ ចេត្រ ជា​ខែ​ទីមួយ​នៃ​ឆ្នាំ​ថ្មី ហើយក៏​ប្រារព្ធ​ធ្វើ​កិច្ច​ចូលឆ្នាំថ្មី​នៅ​ខែ ចេត្រ តាម​លំ​អាន​រៀងមក​។ នេះ​គឺ​ដោយសារ​ខ្មែរ​ប្រើ​ក្បួន​គិត​ថ្ងៃ​តាម​សុរិយគតិ​។​
​បើតាម​ក្បួន​ចន្ទគតិ ខែ​មិគសិរ គឺជា​ខែ​ទីមួយ​នៃ​ឆ្នាំ​ថ្មី​។ តាម​ក្បួន​សុរិយគតិ​របស់​លទ្ធិព្រាហ្មណ៍ គេ​គិតថា​នៅ​ខែ មេសា ព្រះអាទិត្យ​ចរ​ចេញពី​មីនរាសី បណ្តុំ​ផ្កាយ​រាង​ដូច​ត្រី​) ចូលទៅ​កាន់ មេសរាសី បណ្តុំ​ផ្កាយ​រាងដូចចៀ​ម​ឬ​ពពែ​ឈ្មោល​)​។ ការ​ចរ​ចេញ​របស់​ព្រះអាទិត្យ​ពី​រាសី​មួយ​ទៅកាន់​រាសី​មួយ​ហៅថា សង្ក្រាន្ត ឬ សង្ក្រាន្តិ​។ ក្នុង​មួយ​ឆ្នាំមាន ១២ សង្ក្រាន្ត​។ ដោយសារតែ​ពួក​ព្រាហ្មណ៍​កំណត់​យក មេសរាសី ជា​រាសី​ទីមួយ (​រាសី​តំបូង រាសី​ក្បាល រាសី​ធំ ឬ មហា​រាសី​) ទើប​គេ​ហៅ​សង្ក្រាន្ត​នៅ​ខែ មេសា ថា មហាសង្ក្រាន្ត គឺ​ដំណើរ​ឆ្លងកាត់​របស់​ព្រះអាទិត្យ ពី​ចក្ររាសី​នៃ​ឆ្នាំ​ចាស់ ទៅកាន់​ចក្ររាសី​នៃ​ឆ្នាំ​ថ្មី​។​

​ក្នុងអំលុង​បុណ្យចូលឆ្នាំ​ខ្មែរ យុវជន យុវតី បាន​ប្រមូល​ផ្តុំគ្នា​លេង ល្បែង​ប្រជាប្រិយ ប្រពៃណី ដូចជា ចោល​ឈូង បោះអង្គញ់ ទាញ​ព្រាត់​។ នេះ​ជា​ល្បែង​ដែល​ប្រជាជន​ខ្មែរ​និយម​ចូលចិត្ត​លេង​តាំងពីរ​ដើម​មក​រហូតដល់​បច្ចុប្បន្ន​នេះ​។ ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា ដូចជា ខេត្តសៀមរាប និង បាត់ដំបង ឫ​ខេត្ត​មួយចំនួនទៀត​គេ​លេងល្បែង​ទាំងនោះ​។ បុរស​ម្នាក់​ជិះ​ឈើ​កោង​មួយ ដោយ​ពាក់​ក្បាល​រមាំង នៅលើ​ក្បាល និង​មាន​ចង្ក្រង​នៅ​ខាងក្រោយ ដូចជា​កន្ទុយ​រមាំង​។ បុរស​ពី​នាក់​ទៀត​ត្រៀមខ្លួន​ដើម្បី​ប្រ​ម៉ាញ់ ដោយមាន​កាន់​ធ្នូរ​ក្នុង​ដៃ​។ នៅពេល ទទួលបាន​ទេយ្យទាន​ហើយ ពួកគេ​បរិច្ចាគ​សំរាប់​ជា​ទេយ្យវត្ថុ​សំរាប់​ព្រះសង្ឃ​នៅ​វត្ត​។ ក្នុងភូមិ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ ស្ត្រី​ខេត្តកណ្ដាល ប្រមូល​ផ្ដុំគ្នា​ទៅលេង​នៅ​វត្ត​។ សកម្មភាព នេះ​ត្រូវគេ​ជឿថា​នឹងធ្វើ​ឲ្យ​ក្រពើ​ស្ងប់ស្ងាត់​។ ទំនៀម​ទំលាប់​នេះ មាន​ប្រភព​យូរលង់​ណាស់​មកហើយ​នៅពេល​ដែលមាន​ក្រពើ​ជាច្រើន​ក្បាល បានរស់នៅ​ក្នុង​ទន្លេ​។ ភូមិ​ខ្លះ ប្រជាជន​ជាន់​រូបសំនាក ដើម្បី​ឲ្យ​ខ្មោច​ព្រាយ រស់​នៅតាម​ដើមឈើ​ជិតៗ​វត្ត ស្ងប់ស្ងាត់ ហើយ​សុំ​សេចក្ដីសុខ​ក្នុង​ឆ្នាំ​ថ្មី ចូលមក ដល់​ខ្លួន​និង​ក្រុមគ្រួសារ​ផង​។ ប្រជាជន​ខ្មែរ បាន​ប្រមូល​ផ្ដុំគ្នា​ទៅលេង​វត្ត ទៅលេង​តាម​មាត់សមុទ្រ រមណី​ដ្នា​ន​ឬ តាម​ប្រាសាទ​នានា ដែលមាន​នៅក្នុង​ប្រទេស​ឬ​ក្រៅប្រទេស ក្នុងឱកាស​ពិធីបុណ្យ ចូលឆ្នាំ ខ្មែរ​ប្រពៃណីជាតិ​ហើយ​ប្រជាជន​ខ្លះ​ជួ​ម​ជុំ​បង ប្អូន​គ្រួសារ​ញាតិមិត្ត​នៅឯ​ផ្ទះ​របស់​ពួកគេ​ដោយ​ក្ដី​រីករាយ ៕ ដោយ ៖ ស្រីនាថ​

ប្រភពដើម