ពលករធ្វើការនៅរោងចក្រកូរ៉េ និងថៃមានសុវត្ថិភាពបំផុត

1


ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានអះអាងថា ពលករដែលធ្វើការនៅរោងចក្រនៅកូរ៉េ វៀតណាម និងថៃ មានសុវត្ថិភាពល្អ ព្រោះគេមិនបានធ្វើទំនាក់ទំនងទៅកាន់មជ្ឈដ្ឋានខាងក្រៅច្រើន ក្រៅពីមិត្តភ័ក្តិរួមការងារ និងអ្នកផ្ទះ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិ កាលពីថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២០ លោក ហេង សួរ បានគូសបញ្ជាក់ថា នៅក្នុងប្រទេសថៃគេមិនបានបិទរោងចក្រនោះទេ ប៉ុន្តែគេបិទភោជនីយដ្ឋាន ក្លឹបកម្សាន្ដ ឬសាកលវិទ្យាល័យដោយសារអ្នកដែលបម្រើការងារនៅទីនោះ ពួកគាត់ជួបជាមួយអតិថិជនប្លែកៗ បើជានិស្សិត គាត់ជួបមិត្តភក្តិផ្សេងៗ ហើយពេលចេញពីរៀន គាត់ចេញទៅធ្វើការនៅកន្លែងផ្សេងៗ ដែលធ្វើឱ្យគាត់ប្រឈមនឹងហានិភ័យ។ លោកបានថ្លែងថា “ផ្ទុយទៅវិញ រោងចក្រនៅវៀតណាម កូរ៉េ នៅពេលជួបវិបត្តិនឹងជំងឺកូវីដ-១៩នេះ គឺជាមនុស្សដែលមានសុវត្ថិភាពបំផុត។ ដោយសារ គាត់ធ្វើការជាមួយមិត្តភក្តិ សហការរីករបស់គាត់ គាត់មិនមួយមនុស្សចម្លែកទេ ជួបតែមិត្តភក្តិរបស់គាត់ ជួបសមាជិកគ្រួសារ ឬអ្នកស្នាក់នៅក្នុងបន្ទាន់ជាមួយគ្នា អីចឹងហានិភ័យអ្នកទាំងនេះមានតិច បើតាមការវាយតម្លៃរបស់ក្រុមវេជ្ជសាស្ត្ររបស់ថៃ កូរ៉េ និងវៀតណាម។”

លោករដ្ឋលេខាធិការបានលើកឡើងថា បើគេបិទភោជនីយដ្ឋាន ក្លឹបកម្សាន្ត តែគេមិនបិទរោងចក្រនោះទេ ដោយសាររោងចក្រមិនបម្រើសេវាដល់អតិថិជននោះទេ ពីព្រោះកម្មករ គាត់ធ្វើការងារតែជាមួយសហការី ហើយជួបមុខតែគ្រួសារគាត់ទេ ដែលអត់មានលទ្ធភាពខាងក្រៅណាមកចម្លងគាត់ទេ។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា កត្ដាទាំងនេះវាជា លក្ខណៈពិសេសដែលក្រុមវេជ្ជសាស្ត្រវាយតម្លៃថាតំបន់ណាដែលមានសុវត្ថិភាពបន្តឱ្យបើក ប៉ុន្តែវិស័យណាដែលមានហានិភ័យ ជួបជាមួយមនុស្សច្រើន គឺត្រូវតែបិទ។
ឯកឧត្ដមបានបន្ថែមថា ចំពោះកន្លែងដែលធ្វើការជាមួយមនុស្សដដែល គឺរក្សាទុកឱ្យនៅដដែល ហើយការទុកនោះគឺដើម្បីរក្សាសុវត្ថិភាពបងប្អូនកម្មករទាំងអស់ ហើយ បើបញ្ឈប់កម្មករនោះបងប្អូននឹងធ្វើការទៅកាន់កន្លែងផ្សេងៗ ដែលជាហេតុនាំឱ្យមានការឆ្លងជំងឺវិញ។
ឯកឧត្ដម ហេង សួរ ក៏បានថ្លែងបញ្ជាក់ដែរថា ប្រទេសថៃបានប្រកាសមិនធ្វើបុណ្យចូលឆ្នាំនោះទេ ដោយសារតែថា បើធ្វើហើយឈប់ថ្ងៃចូលឆ្នាំនោះមនុស្សនឹងធ្វើការចល័តពេញប្រទេសថៃ ហើយអ្នកទាំងអស់នោះអាចមិនមានសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅស្រុក ដែលអាចនឹងជួបអ្នកធ្វើដំណើរដែលមានហានិភ័យក្នុងការឆ្លងមេរោគទៅវិញ៕



ប្រភពដើម