ពាក្យស្លោកបិទលើជំនួយរបស់រដ្ឋាភិបាលចិននូវបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាក់ចំបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប

0


ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសទេសចិន ពេលនេះ រដ្ឋាភិបាលចិនបានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ ក្រុមគ្រូពេទ្យជំនាញទាំង ៧នាក់ បានមកដល់ប្រទេសកម្ពុជា តាមជើងហោះហើរពិសេស នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដោយមានវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅទទួលដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងឱកាសដ៏ពិសេសនេះ មានបងប្អូនប្រជាជនចិន និងប្រជាជនខ្មែរ បានបង្ហាញនូវក្ដីរីករាយឥតឧបមា សម្រាប់ការអញ្ជើញមកដល់របស់ក្រុមគ្រូពេទ្យជំនាញរបស់ចិនទាំង ៧នាក់ ព្រមទាំងផ្តល់នូវបរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ ជាការកត់សម្គាល់នោះ គឺនៅលើបរិក្ខារពេទ្យ ដែលត្រូវបានផ្ដល់ជូនមកកម្ពុជា មានសរសេរពាក្យស្លោកថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រារលំបាក” ។

ពាក្យស្លោកនេះ បានធ្វើឱ្យមានការបញ្ចេញមតិជាច្រើន អំពីទឹកចិត្តរបស់រដ្ឋាភិបាលចិនចំពោះកម្ពុជា និងបង្ហាញពីការថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់គ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ។ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ បានសរសេរថា៖ “មើលឃើញត្រឹមពាក្យស្លោក ក៏រំជួលចិត្តដែរ”។

សូមបញ្ជាក់ថា គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៤នាក់ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ ខេត្តព្រះសីហនុ បានរកឃើញច្រើនករណីជាងគេ បន្ទាប់ពីក្រសួង បានប្រកាសរកឃើញអ្នកឆ្លងចំនួន ៣១នាក់ នៅក្នុងសណ្ឋាគារមួយ កាលពីយប់មិញ៕



ប្រភពដើម