មនុស្ស៤នាក់ដែលទើបត្រឡប់មកពីធ្វើពលករនៅប្រទេសថៃ សង្ស័យផ្ទុកជំងឺកូវីដ១៩, កំពុងឱ្យនៅដាច់ដោយឡែក

1


កណ្តាល៖ មនុស្ស៤នាក់ក្នុងចំណោម១៩នាក់ នៅភូមិថ្កុល (ចំណុចពាមសូរ) ឃុំត្រើយស្លា ស្រុកស្អាង ដែលទើបវិញត្រឡប់មកពីធ្វើពលករនៅប្រទេសថៃ ត្រូវបានសង្ស័យមានផ្ទុកជំងឺកូវីដ១៩ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅក្នុងមណ្ឌលសុខភាពឃុំត្រើយស្លា ។

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងលោកស្នងការរងបានអញ្ជើញចុះមកពិនិត្យ ហើយបានសហការជាមួយអាជ្ញាធរស្រុក ឃុំ និងក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាពត្រើយស្លា ចាត់ចែងរថយន្តសាមុយមន្ទីរពេទ្យបង្អែកស្រុកស្អាង និងរថយន្តសាមុយមណ្ឌលសុខភាពតាលន់ ដឹកមនុស្ស៤នាក់ដែលសង្ស័យផ្ទុកជម្ងឺកូវីដនេះ បញ្ជូនទៅមន្ទីរសុខាភិបាលខេត្ត ដើម្បីយកសំណាកទៅពិនិត្យឲ្យច្បាស់លាស់។ ដោយឡែកមនុស្ស១៥នាក់ទៀតដែលទើបត្រឡប់មកពីប្រទេសថៃដែរនោះ ក៏ត្រូវបានបញ្ជូនទៅវិទ្យាល័យហ៊ុនសែនតាខ្មៅ ដែលជាគោលដៅត្រៀមទុករបស់រដ្ឋបាលខេត្ត ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា បន្ទាប់ពីមានពលករជាច្រើននាក់វិលត្រឡប់មកកម្ពុជាវិញ គ្រាដែលភាគីថៃបិទច្រកទ្វារព្រំដែន ។ លោកបានឲ្យលោកអធិការតាមបណ្តាស្រុក ជាពិសេសនគរបាលប៉ុស្តិ៍ចុះធ្វើបច្ចុប្បន្នភាព រកបងប្អូនប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីធ្វើពលករនៅប្រទេសថៃ ដើម្បីនាំពួកគាត់ទៅពិនិត្យសុខភាព ក្នុងគោលបំណងបង្ការ ទប់ស្កាត់ការរីចរាលដាលជំងឺកូវីដ១៩ ។

បន្ទាប់ពីធ្វើការស្រាវជ្រាវតាមភូមិនីមួយៗ នគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា បានរកឃើញមនុស្សចំនួន១៩នាក់ នៅភូមិថ្កុល (ចំណុចពាមសូរ) ដែលទើបវិលត្រឡប់ពីប្រទេសថៃ ហើយក្នុង១៩នាក់នោះមាន៤នាក់សង្ស័យផ្ទុកជំងឺកូវីដ១៩ ក៏សម្រេចនាំយកទៅស្នាក់នៅក្នុងមណ្ឌលសុខភាពឃុំត្រើយស្លាមួយយប់ ។

លោកស្នងការបានបញ្ជាក់ថា ទើបនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក និងអាជ្ញាធរស្រុក ព្រមទាំងក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាព បានសម្រេចបញ្ជូនមនុស្ស៤នាក់ដែលសង្ស័យនោះទៅមន្ទីរសុខាភិបាលខេត្ត ដើម្បីយកសំណាកទៅពិនិត្យឲ្យបានច្បាស់លាស់។ ដោយឡែកមនុស្ស១៥នាក់ដែលរស់នៅក្នុងភូមិជាមួយទើបវិញត្រឡប់ពីប្រទេសថៃដែរនោះ ក៏ត្រូវបានបញ្ជូនទៅកាន់វិទ្យាល័យហ៊ុនសែនតាខ្មៅដែលជាគោលដៅរបស់រដ្ឋបាលខេត្តកណ្តាល ដើម្បីដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។

លោក ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជារបស់លោកស្នងការ និងលោកអធិការនគរបាលស្រុក លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកឃើញមនុស្ស១៩នាក់ ក្នុងនោះជនជាតិខ្មែរ៤នាក់ ជនជាតិវៀតណាម១៥នាក់ ដែលទើបមកពីធ្វើពលករនៅប្រទេសថៃ ចូលមកស្នាក់នៅភូមិថ្កុល ចំណុចពាមសូរ ឃុំត្រើយស្លា ។ មនុស្ស១៩នាក់នោះ មាន៤នាក់(ស្រី៣នាក់) សង្ស័យមានផ្ទុកជំងឺកូវីដ១៩នេះ ៕



ប្រភពដើម