មន្ត្រីជំនាញ​អះអាងថា ព្រលានយន្តហោះ​ក្នុងស្រុក​ ភូមិភាគ​ឥសាន្ត​នឹង​​ជោគជ័យ​ដោយ​សារ​កត្តា​ជា​ច្រើន – Cambodia Property News

16


ដោយ​ ៖ គង់​ សូ​រិយា​

ភ្នំពេញ​ ៖ ​មន្ត្រី​ជំនាញ​នៃ​ក្រុមហ៊ុន​វិនិយោគ​ ព្រលា​នយន្តហោះ​កម្ពុជា​ (SCA​) បាន​អះអាង​ថា​ បើសិនជា​មានការ​សាង​សង់​ព្រលា​នយន្តហោះ​ក្នុង​ស្រុក​ នៅ​ខេត្ត​ស្ទឹងត្រែង​ នឹង​មាន​អ្នកដំណើរ​ច្រើន​ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើដំណើរ​តាមយន្តហោះ​កើនឡើង​។

ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​ លោក​ ពេជ្រ​ សុ​ប៉ុន​តារា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៦​ មិនា​នេះ​ថា​ តាម​របាយការណ៍​ក្នុងចំណោម​អ្នកដំណើរ​ តាមផ្លូវអាកាស​ចំនួន១០លាន​នាក់​នៅ​ឆ្នាំនេះ​ មាន​អ្នកដំណើរ​ជនជាតិ​ខ្មែរ​ចំនួន២៨ភាគរយ​ ដែល​បង្ហាញថា​ការ​ធ្វើដំណើរ​របស់​ប្រជាជន​ខ្មែរ​តាមផ្លូវអាកាស​កាន់តែ​ច្រើនជាង​មុន​ ខុសពី​កាលពី​ពេលមុន​ដែល​ប្រជាជន​ខ្មែរ​មានការ​ភ័យខ្លាច​ មិនសូវ​ហ៊ាន​ធ្វើដំណើរ​តាមយន្តហោះ​។

លោក​បន្ត​ថា​ “ហេតុនេះ​បើសិនជា​មានការ​សាង​សង់​ព្រលា​នយន្តហោះ​ នៅ​ភូមិ​ភា​គឥសាន្ត ចំនួន​អ្នកដំណើរ​តាមផ្លូវអាកាស​ នឹង​កើនឡើង​ទៅកាន់​ខេត្ត​ទាំងនោះ​”។លោក​បន្ត​ថា​ “បច្ចុប្បន្ន​ការ​ធ្វើដំណើរ​ទៅកាន់​ភូមិ​ភា​គឥសាន្ត ត្រូវ​ចំណាយពេល​ស្ទើរ​ពេញមួយថ្ងៃ​ ដោយសារ​ផ្លូវ​ឆ្ងាយ​ ទោះជា​ផ្លូវ​ធ្វើដំណើរ​ស្រួល​ជាង​មុន​ក្តី​”។ លោក​ ពេជ្រ​ សុ​ប៉ុន​តារា​ បាន​បន្ត​ថា​ ការ​ចំណាយពេល​យូរ​ ធ្វើ​ឱ្យ​ប្រជាជន​មិន​ចង់​ធ្វើដំណើរ​ ប៉ុន្តែ​បើ​មាន​យន្តហោះ​ គឺ​ចំណាយពេល​ត្រឹមតែ៤៥នាទី​ គឺ​ទៅដល់​ ហេតុនេះ​ពួកគេ​នឹង​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ដើរកម្សាន្ត​។

កាលពី​សប្តាហ៍​មុន​ សម្តេច​ តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ប្រកាស​ពិចារណា​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ភូមិ​ភា​គឥសាន្ត ចន្លោះ​ខេត្តរតនគិរី​ និង​មណ្ឌលគិរី​ ដែល​អាច​សំដៅ​ដល់​ខេត្ត​ស្ទឹងត្រែង​ ដោយសារ​ខេត្ត​ស្ទឹងត្រែង​មា​នព្រ​លាន​យន្តហោះ​ស្រាប់​ និង​ជាទី​តាំង​សម​ស្រ​ម ដែល​មានការ​សិក្សា​និង​ផ្តល់​អនុសាសន៍​ពី​ធនាគារ​អភិ​វឌ្ឈ​ន៍​អាស៊ី​ (ADB​) ឱ្យ​រដ្ឋាភិបាល​សាង​សង់​ព្រលា​នយន្តហោះ​ក្នុង​ខេត្ត​នេះ​ឡើងវិញ​។

លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ធ្លាប់​បាន​មានប្រសាសន៍​ គាំទ្រ​ចំពោះ​ការ​សាង​សង់​ព្រលា​នយន្តហោះ​ ខេត្ត​ស្ទឹងត្រែង​ឡើងវិញ​ ដែល​លោកស្រី​ថា​ វា​នឹង​ជំរុញ​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ខេត្ត​នេះ​ ក៏ដូចជា​បណ្តា​ខេត្ត​ស្ថិតនៅ​ភូមិ​ភា​គឥសាន្តកើនឡើង​ ដោយសារ​ការ​ធ្វើដំណើរ​ចំណាយពេល​តិច​ មិន​ខាតពេល​វេលា​។ លោកស្រី​បន្ត​ថា​ “វា​មិន​ត្រឹម​ជំរុញ​ភ្ញៀវ​ទេសចរណ៍​ទេ​ តែ​វា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៅ​បណ្តា​ខេត្ត​ទាំងនោះ​កាន់តែ​រីកចម្រើន​ផង​ដែរ​”៕

ចំនួនអ្នកអាន: 237

មុន

ការអភិវឌ្ឍ…

បន្ទាប់

ដឹងទេថា …