មិត្តល្អមិនបោះបង់ចោលគ្នាឡើយ! ជប៉ុនសន្យាជួយជំរុញពាណិជ្ជកម្មជាមួយកម្ពុជា ទោះជួបវិបត្តិកូវីដ១៩ក៏ដោយ

2


ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន និងកម្ពុជា បានយល់ស្របលើការជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកើនដល់ទំហំទឹកប្រាក់ ២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០នេះ ទោះបីជាបញ្ហាជំងឺកូវីដ១៩ កំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចក៏ដោយ។ ការឱ្យដឹងដូច្នេះ បានធ្វើឡើងនៅក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងមន្ត្រីជប៉ុន កាលពីថ្ងៃចន្ទ កន្លងទៅ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ជា គឹមថា បានថ្លែងថា ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងឆ្នាំនេះ នឹងមានការកើនឡើង។ ឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនលើសពី ២ពាន់លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០២០ ប្រទេសទាំងពីរ គ្រោងធ្វើឱ្យពាណិជ្ជកម្មទ្វេភាគី រក្សាបាននូវទំហំទឹកប្រាក់ ២ពាន់លានដុល្លារអាមេរិក។

ចាប់តាំងពីឆ្នាំ១៩៩៥មក កម្ពុជា បានស្វាគមន៍គម្រោងវិនិយោគជប៉ុនចំនួន ១៤១ ស្មើនឹងទឹកប្រាក់ ២,៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ គម្រោងរបស់ជប៉ុន ភាគច្រើនផ្ដោតលើវិស័យថាមពល ការដំឡើងគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត កសិកម្ម ចំណីអាហារ បដិសណ្ឋារកិច្ច សុខាភិបាល និងវិស័យលក់ចែកចាយបន្ត។

កម្ពុជា បាននាំចេញផលិតផលជាង ១,៧ពាន់លានដុល្លារអាមេរិក ទៅកាន់ទីផ្សារជប៉ុន កាលពិឆ្នាំ២០១៩ កើនឡើង ៧,៧% ពីឆ្នាំ២០១៨។ ចំណែក ការនាំចូលផលិតផលពីជប៉ុន មានទំហំទឹកប្រាក់ ៥៦៣លានដុល្លារអាមេរិក កើនឡើង ៣៣,៤%៕



ប្រភពដើម