រាជធានីភ្នំពេញ គ្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ខ្សែទៀត នៅទីតាំងទាំងនេះ

1


ភ្នំពេញ៖ ផ្លូវក្រោមដី ៣ខ្សែ ដែលនឹងអាចជួយដោះស្រាយការកកស្ទះចរាចរណ៍ក្នុងតំបន់សំខាន់ៗ ចំនួន៣នៅរាជធានីភ្នំពេញ គ្រោងនឹងសាងសង់នៅតំបន់ចំណុចផ្លូវជាតិលេខ១, ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅខាងមុខវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, និងម្ដុំក្ដាន់ពីរ ក្បែរក្រសួងការពារជាតិ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រោមដីចំនួន ៣ ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលរំដោះចរាចរណ៍ដែលតែងតែកកស្ទះ។

លោកអភិបាលបានបន្ដថា ផ្លូវក្រោមដីទាំង៣ ខ្សែនោះរួមមាន គម្រោងផ្លូវក្រោមដីដែលឆ្លងកាត់ផ្លូវជាតិលេខ១ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីត្រង់ចំណុចមុខវិទ្យាស្ថានភាសាបរទេស គឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសា បរទេសតែម្ដង ដែលបង្កភាពងាយស្រួលដល់និស្សិតបានចេញ-ចូលមិនប្រឈមនឹងការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោកបានបន្ថែមថា ចំណែកនៅ តំបន់កា្ដន់ពីរ វិញ ផ្លូវក្រោមដីនេះ ក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរ ដោយភ្ជាប់ពីផ្លូវ១៦៩ ឆ្ពោះទៅផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ៕



ប្រភពដើម