រឿងនិទាន​ពី​ដើមកំណើត ម្លូ និង​ស្លា​

4


ខ្ញុំបាទ​សង្ស័យថា ហេតុអ្វី​បានជា​ប្រពៃណី​ក្នុង​ការរៀប​មង្គលការ​ចាំបាច់​ត្រូវមាន​ផ្កាស្លា ហើយ​យក​អ្វី​ផ្សេងទៀត​មិនបាន​ទេ​ឬ​?

ពេល​ស៊ើបសួរ​នរណាៗ ក៏​គ្មាន​ពាក្យ​អធិប្បាយ រហូតមកដល់​ថ្ងៃមួយ​ក៏បាន​ប្រារព្ធ​រឿងនេះ​ឡើង​ជាមួយនឹង​ព្រះគ្រូ ភ្រិ​ង​មេ​ធំ​ក​រោ នៃ​វត្ត​បា​ណា​តាំង​, លោក​បាន​ប្រាប់ថា ពី​ដើម​ក៏​មិនដឹង ប៉ុន្ដែ​នៅ​សម័យមួយ​នោះ​បានឮ​តា​ចាស់​ម្នាក់​និទាន​រឿងនេះ​ឱ្យស្ដាប់​យ៉ាងនេះ ៖

​មាន​បងប្អូន​ប្រុស​២​នាក់ នៅមុន​ពេលដែល​ឳ​ពុក​ម្ដាយ​ហៀបនឹង​ស្លាប់ទៅ ក៏​ផ្ដាំផ្ញើ​បងប្អូន​ឱ្យ​ចេះ​ស្រឡាញ់​ថែរក្សា​គ្នា ព្រោះ​មានតែ​ពីរ​នាក់​បងប្អូន​។​

​បុរស​ទាំងពីរ​នាក់​ប​ង​ប្អូន​ចេះ​ធ្វើស្រែ​ចម្ការ រស់នៅ​ក្នុងភូមិ​ជនបទ​មួយ​ដាច់ស្រយាល​ដោយ​ក្ដី​ស្រឡាញ់គ្នា​ជាធម្មតា​រៀងរហូត​មក​។ ក្រោយមក​បុរស​បង​ក៏មាន​ប្រពន្ធ​មួយ ហើយ​នៅ​ជាមួយគ្នា នៅពេលដែល​បងប្រុស​កំ​ពុង​តែមាន​សេ​ក្ដី​សុខ​ជាមួយនឹង​ភរិយា ពុំ​សូវ​មាន​ពេលវេលា​ច្រើន​នឹង​និយាយ​លេង​ជាមួយ​ប្អូន ប្អូន​ក៏​គិត​នៅក្នុង​ចិ​ត្ដ​តែម្នាក់ឯង​ថា ខ្លូន​ឯង​ជា​មនុស្ស​ឱ្យ​បង​ពិបាកចិត្ត ទើប​នឹក​តូចចិត្ត​តែម្នាក់ឯង​ដោយ​ឃើញ​បងប្រុស​របៀបនេះ​។ គិត​ហើយក៏​សម្រេច​ចិ​ត្ដ​ដើរ​ផ្សងព្រេង​តែម្នាក់ឯង​គេច​ពី​ផ្ទះ​ទៅ​។ ដើរទៅៗ​រហូតដល់​កន្លែង​មួយ​ដោយ​អស់ កម្លាំង​ពេក​ក៏​ចូលទៅ​សម្រាក​នៅក្រោម​ដើម​ជ្រៃ​ដែលមាន​មែក​សាខា​ធំ​មួយ​នៅក្នុង​ព្រៃ ហើយ​ដេក​នៅ​ទីនោះ​លក់​ទៅ​។​

​ក្នុងពេលដែល​បុរស​នោះ​ដេកលក់ អា​រ័ក្ស​ដែល​នៅ​ថែរក្សា​ដើម​ជ្រៃ​នោះ​ក៏​បង្ហាញខ្លួន​ចេញមក ហើយ​ចង្អុលមុខ​ជេរ​ថា «​ហេតុអ្វី​ក៏​ឯង​មក​ដេក​នៅទីនេះ​ដោយ​មិន​ប្រាប់​ដល់​អញ​?»

«​ខ្ញុំ​មិនបាន​ដឹង​ទេ​បាទ​…​បាទ​!» បុរស​នោះ​ឆ្លើយ អា​រ័ក្ស​នោះ​ខឹង​ខ្លាំងណាស់​ក៏​ដាក់​បណ្ដាសា​ថា ចូរ​ឯង​នៅទីនេះ​ចុះ ហើយ​ជប់​បុរស​នោះ​ឱ្យក្លាយ​ទៅជា​ដុំថ្ម​ពណ៌​ស​មួយ​ដុំ​។​

​ចំណែកឯ​បងប្រុស កាលបើ​បាត់​ប្អូន​ពី​ផ្ទះ​មិនឃើញ​ដូច្នោះ ក៏​នឹក​ខឹង​នឹង​ខ្លួនឯង​ដែល​មិនបាន​ធ្វើតាម​បណ្ដាំ​ឳ​ពុក​ម្ដាយ​ឱ្យ មើលថែ​ប្អូន នឹក​ចុះឡើង​សែន​តូចចិត្ត​ណាស់ ក៏​ចេញពីផ្ទះ​តាមរក​ប្អូន​។ ដើរមក​ដល់​ដើម​ជ្រៃ​ធំ​ក៏​អង្គុយ​លក់​លើ​ដុំថ្ម​ស​នោះ​ទៅ លុះដល់​យប់​ជ្រៅ​អា​រ័ក្ស​ក៏​ចេញមក​ជេរ ហើយ​ដាក់​បណ្ដាសា​ឱ្យក្លាយ​ទៅជា​ដើម​ស្លា​នៅជាប់​នឹង​ដុំថ្ម​នោះឯង​។​

​រីឯ​ប្រពន្ធ កាលបើដឹងថា​ប្ដី​តូច​ចិ​ត្ដ​ដើរ​ចេញពីផ្ទះ ក៏​ទៅតាម​ប្ដី​ដែរ​…​ដើរៗ​ទៅដល់​កន្លែង​ដែល​ប្ដី​និង​ប្អូនថ្លៃ​នោះ​ដូចគ្នា លុះដល់​យប់​ជ្រៅ​អា​រ័ក្ស​ក៏​ចេញមក​ដាក់​បណ្ដាសា​ឱ្យក្លាយ​ទៅជា​ដើម​ម្លូ​ដុះ​ព័ទ្ធ​ដើម​ស្លា​នៅ​ទីនោះ​ទៅ។​

​អស់កាល​កន្លងមក​មិនយូរប៉ុន្មាន ព្រះរាជា​ក៏​ស្ដេចយាង​ប្រពាត​ព្រៃ ហើយ​បាន​ចូលមក​សម្រាក​ព្រះកាយ​នៅក្បែរៗ​ដើម​ជ្រៃ​ធំ ទ្រង់​ទតព្រះនេត្រ​ឃើញ​ដើម​ស្លា​ដ៏​ល្អ​ស្រស់ ហើយ​មាន​ម្លូ​វារ​ឡើង​ព័ទ្ធជុំវិញ មាន​ស្លឹក​ខៀវស្រស់​ដូច្នេះ ក៏​ត្រាស់​សួរ​អ្នកស្រុក នៅ​ទីនោះ អ្នកស្រុក​ក៏​និទានរឿង​រ៉ាវ​របស់​បងប្អូន​នេះ​ទូលថ្វាយ​ទ្រង់​ជ្រាប​ហើយ ក៏​កើត​សទ្ធា​ជ្រះថ្លា​នឹង​ទឹកចិត្ត​ចេះ​ស្រឡាញ់ របស់​បងប្អូន​ពីរ​នាក់​នេះ ហើយក៏​សាកល្បង​យក​ថ្ម​ស​បៀ​កលើ​ម្លូ និង​យក​ផ្លែ​ស្លា​មក​ទំពា រួច​ស្ដោះ​ព្រះ​ខេ​ឡ​ចេញមក​មួយសន្ទុះ ឡើង​ពណ៌​ក្រហម​ដូច​លោហិត រួចហើយ​ទើប​ទ្រង់​ប្រកាសថា ចាប់ពីពេលនេះ​ទៅ អ្នកណា​ដែល​នឹង​រៀប​មង្គលការ​ជា​ស្វាមីភរិយា ចាំបាច់​ត្រូវធ្វើ​ពិធី​ដែល​ប្រកបទៅដោយ​ម្លូ​ស្លា ដើម្បីឱ្យ​សេចក្ដីស្រឡាញ់​នោះ​ជា​សេចក្ដីស្រឡាញ់​ដ៏​ពិតប្រាកដ​និង​យូរអង្វែង​។​

ដោយហេតុនេះ ហើយ​ប្រពៃណី​ការរៀប​មង្គលការ​រប​ស់​ខ្មែរ​ដែល​បាន​សរសេរ​ទុក​ហើយ​។​

​រឿងនេះ​ពិត​ក្ដី ឬ​មិន​ពិត​ក្ដី​យ៉ាងណា​នោះ ក៏​អាន​លេងៗ​ទៅ ព្រោះ​គឺជា​រឿងនិទាន​៕

បណ្ឌិតមីសែល ត្រាណេ

ប្រភពដើម