លែងខ្វះទឹកស្អាតប្រើហើយអ្នកតាខ្មៅ! ជប៉ុនផ្ដល់ជាង៣០លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាតនៅក្រុងតាខ្មៅ

1


កណ្ដាល៖ បញ្ហាកង្វះទឹក នៅជាកើតមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសអំឡុងរដូវប្រាំង ដែលធាតុអាកាសក្ដៅ ស្របពេលរាជរដ្ឋាភិបាល បានខិតខំធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ តាមរយៈការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅតាមបណ្ដាខេត្តនានា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

ដើម្បីចូលរួមដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន បានផ្ដល់នូវជំនួយឥតសំណងចំនួន ៣៤២១ លានយ៉េន (ប្រមាណ ៣១លានដុល្លារអាមេរិក) សម្រាប់គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។

ពិធីចុះហត្ថលេខាផ្ដល់ជំនួយនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤១៣៨ លានយ៉េន (ប្រមាណ ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។

គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ គឺជាផ្នែកមួយ នៃជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលគ្រប់ដណ្ដប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន ២គម្រោង ដូចខាងក្រោម៖

ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖

ទី១- គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)

ទី២- គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១.០០០លានយ៉េន (ប្រមាណ ៩លានដុល្លារអាមេរិក)

ទី៣- គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក)។

ឥណទានសម្បទាន សម្រាប់អនុវត្ត៖

ទី១- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក)។

ទី២- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ផងដែរ៕



ប្រភពដើម