ល្បិចថ្មី! បុរសអ្នករត់កង់បីម្នាក់គេប្រទះឃើញសន្លប់លើកង់បី សង្ស័យត្រូវថ្នាំសណ្តំស្ត្រីម្នាក់

1


បុរសអ្នករត់កង់បីម្នាក់គេប្រទះឃើញសន្លប់លើកង់បី សង្ស័យត្រូវថ្នាំសណ្តំស្ត្រីម្នាក់ ព្រោះបន្ទាប់ពីឌុបនារីនោះរួចឈ្លោះប្រកែកគ្នាហើយ ស្រាប់តែសន្លប់រហូតនិងបាត់បង់សម្ភាៈជាប់ខ្លួនអស់បន្សល់ ទុកតែកង់បី និងសោ តែប៉ុណ្ណោះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលកាំកូស៊ីធី ក្នុងភូមិទួលគោកសង្កាត់ទួលសង្កែទី១ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយគាត់រត់កង់បីម៉ាកTVSពណ៌សពាក់ស្លាកលេខភ្នំពេញ1HU 5440។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ជាអ្នកលក់ឆាខ្វៃដែលនៅរំលងពីកន្លែងកើតហេតុមួយផ្លូវ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២០ គាត់ឃើញបុរសខាងលើ បានដឹកស្ត្រីម្នាក់ស្លៀករ៉ូប (ឈុតសម្រាប់គេង) ពណ៌ស្វាយមានផ្កាជិះទៅដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុបានឈប់កង់បី បុរសអ្នកបើកកង់បីបានទារលុយថ្លៃដឹកពីស្ត្រីខាងលើមិនបាន ក៏ឈ្លោះប្រកែកគ្នាមួយប្រាវ បន្ទាប់មកបុរសអ្នកបើកកង់បីក៏ស្ងាត់មាត់ឈឹងសន្លប់ស្តូកនៅលើកង់បីរបស់ខ្លួនមួយសន្ទុះក្រោយមកឃើញនារីនោះចេញពីកង់បីមើលជុំវិញ រួចឡើងកង់បីវិញឱបរឹតបុរសនោះរួចក៏ដើរចេញពីកន្លែងកើតហេតុ ដោយដៃមានយួរថង់ចំនួន២ដេីរសំដៅទៅម្តុំអង់តែនទួលគោកបាត់ស្រមោលហើយបុរសនោះបន្តសន្លប់រហូត។

ប្រភពដដែលបន្តថា ដោយពេលនោះខ្លួនគាត់មិនមានលេខទូរស័ព្ទរបស់សមត្ថកិច្ច គាត់បានត្រឹមប្រាប់គេឯងដែលដើរឱ្យមើលគេ មើលហើយក៏ដើរចេញទៅលុះរហូតសមត្ថកិច្ចចរាចរណ៍មកដាក់គោលដៅ ទើបគាត់ប្រាប់សមត្ថកិច្ចចរាចរណ៍ឲ្យមើលហើយក៏មានមនុស្សមកមើលកាន់តែច្រើន និងបង្កការភ្ញាក់ផ្អើលកាន់តែខ្លាំង។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាល់ម៉ែតដឹកទៅសង្គ្រោះចំណែកកង់បីត្រូវបានយកទៅរក្សារទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីរង់ចាំជនរងគ្រោះ ឬសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ត្រឹមត្រូវនិងប្រគល់ឲ្យវិញ៕



ប្រភពដើម