វៀតណាម ទើបតែរុះរើតង់បានចំនួន៩ ក្នុងចំណោម៣១តង់ ពីតំបន់ព្រំដែនខេត្តកណ្ដាល

0


កណ្ដាល៖ យោងតាមប្រសាសន៍របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា គិតមកទល់ពេលនេះ វៀតណាមបានរុះរើតង់ចំនួន ៩ កន្លែង ចេញពីតំបន់ព្រំដែនហើយ ហើយតង់ចំនួន ២២កន្លែងទៀត គឺស្ថិតនៅលើទីតាំងដែលមានប្រជាពលរដ្ឋវៀតណាមរស់នៅ។

ការលើកឡើងដូច្នេះ បានធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

លោកអភិបាលខេត្តកណ្ដាល បានឱ្យដឹងដែរថា ទោះបីជាយ៉ាងណាក្ដី តង់ដែលនៅសេសសល់ ត្រូវតែរុះរើចេញ ទោះបីជាស្ថិតនៅក្នុងដំណាក់កាលកូវីដ១៩ ឬក្រោយកូវីដ១៩ ក៏ដោយ។ លោកបានប្រាប់បន្ថែមថា ភាគីវៀតណាម បានសន្យាថា តង់ដែលនៅសេសសល់ នឹងត្រូវរុះរើចេញ នៅពេលដែលជំងឺកូវីដ១៩ បានធូរស្បើយ។

សូមជម្រាបថា យោធាវៀតណាម បានបោះតង់ចំនួន ៣១ កន្លែង នៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម រវាងស្រុកលើកដែក និងស្រុកកោះធំខេត្តកណ្ដាល ទល់នឹងខេត្តអានយ៉ាង ដែលខ្សែបន្ទាត់ព្រំដែនត្រង់ចំណុចនេះ គឺមិនទាន់មានឯកភាពគ្នា ដោយគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរឡើយ៕



ប្រភពដើម