សម្តេចតេជោ ឲ្យពលរដ្ឋ ចូលរួមទប់ស្កាត់ ជំងឺផ្លូវដង្ហើមកូរ៉ូណា និងប្រយ័ត្ន ធ្វើដំណើរ ទៅប្រទេស ដែលមានជំងឺនេះ

18


ភ្នំពេញ៖ ទន្ទឹមនឹងជនរួមជាតិ កំពុងសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអំពាវនាវ ឲ្យពលរដ្ឋចូលរួមទប់ស្កាត់ ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មី ដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាត នៅប្រទេសចិន ។

បច្ចុប្បន្នជំងឺនេះ បានមកដល់ប្រទេសមួយចំនួន ហើយដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាម និងម៉ាឡេស៊ី។ នេះបើតាមហ្វេសប៊ុកសម្តេចតេជោ នៅថ្ងៃ២៦ មករា។

ក្នុងនោះ មានអ្នកស្លាប់៥៦នាក់ និងអ្នកឆ្លងប្រមាណជា ២ពាន់នាក់។ គិតត្រឹមព្រឹកនេះ។

អាការៈរោគគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា ដូច្នេះអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាត ជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគ ឲ្យបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈ រោគខាងលើ និងកុំនៅជិត សត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារ ដែលចម្អិនឆ្អិន គ្រប់ពេលវេលា។

មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្លង ដ៏កាចសាហាវនេះ ក្រសួងសុខាភិបាល បានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែន គ្រប់ភ្ញៀវទេសចរទាំងអស់ ដែលចូលមកកម្ពុជា។

សម្តេចបានស្នើពលរដ្ឋ ប្រុងប្រយត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរ ទៅក្រៅប្រទេស និងក្នុងប្រទេស ដែលកំពុងមានមេរោគ កូរ៉ូណា ឆ្លង ។ ប្រសិនបើសង្ស័យ មានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណានេះ ត្រូវទាក់ទងមកគ្រូពេទ្យ ដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ ១១៥ ជាបន្ទាន់។

ទន្ទឹមនឹងនេះ ក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ឲ្យបានខ្ពស់៕