សម្តេចតេជោ ៖ សូម​អនុមោទនា ពិធីបុណ្យ​កាន់បិណ្ឌ វេន​ទី​១

0


​កណ្ដាល​៖ ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០​ជា​ថ្ងៃទី​១​នៃ ពិធីបុណ្យ​កាន់បិណ្ឌ វេន​ទី​១ ។​

​នៅ​ថ្ងៃ​ពុធ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម និង​លោកជំទាវ ជា​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ក្រសួង ស្ថាប័ន រួមជាមួយ​ឯកឧត្ដម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលខេត្ត ម​ន្រី្ត​រាជការ និង​ប្រជាពលរដ្ឋ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសូត្រមន្ត កាន់បិណ្ឌ​ទី​១ នៅ​វត្ត​នីមួយៗ​ទូទាំងប្រទេស​។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ពិធី​នេះ មាន​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ដែលជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​


​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ឆ្នាំ​២០២០​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​២ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​។​

​ប្រមុខ​រាជរដ្ឋាភិបាល តែង​បាន​អំពាវនាវ​ដល់​ពុទ្ធបរ​ស័​ទ​ទាំងអស់ ត្រូវ​ប្រកាន់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ គឺ​មនុស្ស​គ្រប់រូប​ត្រូវ​តាំងចិត្ត​បំពេញ​សេចក្ដី​ល្អ នឹងមាន​ភាព​ក​ត្ត​ញ្ញូ ដឹងគុណ​នឹកឃើញ​ដល់​ឪពុកម្ដាយ សាច់​ញា​ត្តិ និង​សាច់​សារ​លោហិត ៧​សន្ដាន​ដែល​ធា្ល​ប់​មានគុណ​លើ​ខ្លួន ទាំង​អ្នក​លាចាក​លោក​ទៅហើយ និង​អ្នក​ដែល​នៅរស់​។ ពិធីបុណ្យ​កាន់បិណ្ឌ នៃ​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ឪ​កាស​ឱ្យ​សាច់ញាតិ​ទាំងឡាយ​ដែល​នៅ​ផ្សេងៗ​គ្នា មកជួប​ជុំគ្នា បង្កើន​ឱ្យមាន​សាមគ្គីភាព​គ្នា និង​បណ្ដុះ​ស្មារតី​ឱ្យ​មនុស្ស​លះបង់​សេចក្ដី​អាក្រក់​គ្រប់យ៉ាង​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ពិធី​កាន់បិណ្ឌ​បានមក​ដល់​តាម​ប្រពៃណី​ទំនៀម​ទ​ម្លប់​សាសនា​។ នៅក្នុង​ឱកាស​នៃ​ពិធី​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បាន​គ្រប់គ្នា​ជាពិសេស សូម​ការពារ​ខ្លួន​ចៀស​ផុតពី​ជំងឺឆ្លង Covid-19 ហេ​ី​យ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដោយ​បន្ត​ពាក់​ម៉ាស​ការពារ ឧស្សាហ៍​ដុស​សម្អាត​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​ឲ្យ​បានជា​ប្រចាំ​។
​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រីករាយ​ជាមួយ​ក្រុមគ្រួសារ មិត្ត​ភ​ក្កិ បងប្អូន ក្នុងឱកាស​ពិធី​កាន់បិណ្ឌ​មុខ​នេះ និង​សូមអោយ​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ទទួលបាន​នូវ​សុខ​សុវត្ថិភាព ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​តាមរយៈ​ផេ​ក facebook ផ្លូវការ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​អនុមោទនា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ «​បិណ្ឌ​១ » ។ ថ្ងៃទី​៣ ខែ កញ្ញា នេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ​១ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្មែរ​យើង ដែលមាន​តាំងពី​បុរាណកាល​មក​។ នេះ​ជា​ពេលវេលា​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធប​
​រិ​ស័​ទ​មានឱកាស​ក្នុង​ការធ្វើ​បុណ្យទាន សន្សំ​កុសល និង​ការជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​តាម​ទី​អារាម​នានា​។​
​ពិធីបុណ្យ​កាន់បិណ្ឌ ឆ្នាំ​២០២០ នេះ គឺ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែភទ្របទ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៨ ខែ កញ្ញា ឆ្នាំ​២០២០​។
​សូម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យបាន​ល្អប្រសើរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ទេសចរ​នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំ​នេះ​។
​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល ទឹក​អាល់កុល នឹង​ពាក់​ម៉ាស​ក្នុងពេល​ចូលរួម​ពិធី​ដែលមាន​អ្នកចូលរួម​ច្រើន ដូចជា​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម​។ កុំ​ធ្វេសប្រហែស​ឬ​មើលស្រាល​ជំងឺ​កូ​វីដ​-១៩​អោយសោះ ព្រោះ​ជា​ជំងឺឆ្លង​រាតត្បាត​សាហាវ​ខ្លាំងណាស់ ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។
​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​កុំបី​ខាន​។​អរគុណ​សន្តិភាព​”​។​

​ជា​រៀងរាល់ឆ្នាំ​នៅពេល​ដល់​ថ្ងៃខែ ដែល​ត្រូវ​ប្រារព្ធ ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្ដាយ​នៅ​ស្រុក​កណើត ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​អារាម​។ ទាំងនេះ គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​តៗ​គ្នា របស់​ជនជាតិខ្មែរ​យើង​ជា​យូរ​មកហើយ​។​

​ឯកសារ​កត់ត្រា​ពី​ប្រវត្តិ​បុណ្យ​របស់​ខ្មែរ បាន​បង្ហាញថា ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​បួងសួង ឧទ្ទិស​មគ្គផល កុសលផល​បុណ្យ ទៅដល់​ពពួក​ប្រែ​ត​អសុរកាយ​។ ប្រជាពលរដ្ឋ មានជំនឿថា អ្នកមានគុណ បុព្វការី​ជន ឬ​សាច់ញាតិ​របស់​ពួកគេ​ទាំងអស់ ដែល​បាន​សាង​បាប​កាលពី​នៅមាន​ជីវិត​រស់នៅ ហើយ​ពេល​ចែក​ឋាន​ទៅ មិនដឹង​ចាប់ជាតិ​ជា​អ្វី ឬ​មាន​បាប​ទៅ​កើតជា​ប្រេត នឹង​ឡើងមក​ទទួល​កុសលផល​បុណ្យ​នេះ ពី​ពួកគេ នៅពេល​ពពួក​ប្រេត​ទាំងនោះ ត្រូវបាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​រយៈពេល​១៥​ថ្ងៃ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ បើកបរ​ដោយមាន​ការយោគយល់​អា​ធ្យា​ស្រ័យ​ខ្ពស់ និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ដើម្បី​សុខ​សុវត្ថិភាព ជាពិសេស សូម​បង​ប្អុ​ន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​ការពារ​ខ្លួន​ចៀស​ផុតពី​ជំងឺឆ្លង Covid-១៩ ឲ្យ​បាន​គ្រប់គ្នា​៕ ដោយ​៖​កូ​ឡាប​



ប្រភពដើម