សូមថ្លែងអំណរគុណ! រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជាសម្ភារពេទ្យ ស្មើនឹងប្រមាណ ១៨លានដុល្លារ ដល់កម្ពុជា

1


ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជំនួយជាឧបករណ៍ សម្ភារ និងបរិក្ខារពេទ្យ ដែលគិតជាទឹកប្រាក់សរុបប្រមាណ ១៨លានដុល្លារអាមេរិក ដល់ក្រសួងសុខាភិបាលកម្ពុជាសម្រាប់ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាក្នុងជំនួបពិភាក្សាការងារមួយចំនួនជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ ថា រាជរដ្ឋាភិបាលជប៉ុននឹងផ្ដល់ជំនួយជាឧបករណ៍ សម្ភារ និងបរិក្ខារពេទ្យ ដែលគិតជាទឹកប្រាក់សរុបប្រមាណ ១៨ លានដុល្លារដល់ក្រសួងសុខាភិបាលសម្រាប់ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩។

លោក Masahiro បន្តថា ការផ្ដល់ជំនួយឧបករណ៍សម្ភារ និងបរិក្ខារពេទ្យដល់ក្រសួងសុខាភិបាលកម្ពុជា សម្រាប់ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩ នេះគឺផ្អែកតាមស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ស្ដីពីជំងឺកូវីដ ១៩ កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០ ដែលរាជរដ្ឋាភិបាលជប៉ុនបានបង្ហាញជំហរជួយដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយបច្ចេកទេសហិរញ្ញប្បទានឥតសំណងជាពិសេស ប្រាក់កម្ចីឥណទានសម្បទានផងដែរ សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការស្ដារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩៕ប្រភពដើម