សូមបងប្អូនសាធារណជន កុំរើសអើងបងប្អូនកើតជំងឺកូវីដ១៩ និងបន្តការថែទាំសុខភាព និងវិធានការការពារ

1


 

ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថាគិតមកទល់វេលាម៉ោង២១:៣០ ថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០ ក្នុងខេត្តសៀមរាបមាន ករណីវិជ្ជមាននៃមេរោគ COVID-19 តែ២ករណីប៉ុណ្ណោះ គឺ ករណីទី១ បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលឆ្លងពីបុរសជនជាតិជប៉ុន, ករណីទី២ គឺបុរសជនជាតិកម្ពុជា អាយុ៤០ឆ្នាំ ដែលបានឆ្លងមេរោគនេះមកពីប្រទេសម៉ាឡេស៊ី ។ ពួកគាត់ទាំង២នាក់បាននឹងកំពុងតែដាក់នៅដោយឡែក ក្រោមការមើលថែ និងព្យាបាល ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យខេត្តសៀមរាប។

ស្របជាមួយគ្នានេះ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ និងការរើសអើងជាដើម។ រដ្ឋបាលខេត្ត សូមស្នើដល់បងប្អូនសាធារណជន ដូចខាងក្រោម៖

១. សូមកុំធ្វើការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណបុគ្គល និងការរើសអើង ព្រោះថា គ្មានអ្នកណាចង់ឱ្យកើតជំងឺនេះទេ ហើយជំងឺនេះមិនប្រកាន់ ពូជសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ។ នេះជាពេលវេលាដែលយើងត្រូវរួមគ្នា ទប់ស្កាត់ និងកម្ចាត់ជំងឺនេះ មិនមែនជាការបន្ទោសគ្នានោះទេ។

២. សូមរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបង្កើនស្មារតីការពារតាមវិធាននានា ដែលក្រសួង សុខាភិបាលបានណែនាំ។
រដ្ឋបាលខេត្តសង្ឃឹមជឿជាក់ថាសាធារណជន នឹងចូលរួមក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ពិសេសប្រយុទ្ធប្រឆាំងវីរុស COVID-19 ដែលកំពុងរីករាយដាលជាសកលនៅក្នុងដំណាក់កាលនេះ ដើម្បីជៀសវាងកុំឱ្យភាពច្របូកច្របល់ ការបាត់បង់សណ្ដាប់ធ្នាប់សង្គម និងកុំឱ្យមានការរើសអើង៕

ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប



ប្រភពដើម