ស៊ែអោយខ្មាសគេម្តងមើល កុំអោយមានចឹងទៀត!ចាក់សាបរំលោភផ្លូវសាធារណៈជិត២ម៉ែត្រ ចុងក្រោយត្រូវឈូសឆាយចេញវិញដោយខ្លួនឯង

0


ភ្នំពេញ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមស្រាយបំភ្លឺអំពី ករណីដែលប្រជាពលរដ្ឋចាក់សាប (បេតុង) រំលោភលើផ្លូវសាធារណៈ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជិតផ្សារសាមគ្គី ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានពត៌មានអំពីករណីខាងលើ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដែលមាន ឯកឧត្តម ជា ពិសី ជាអភិបាលនៃគណៈអភិបាលខណ្ឌ។ ឯកឧត្តម បានដាក់ចេញនូវបញ្ជាភ្លាមៗ ទៅកាន់ រដ្ឋបាលសង្កាត់ប្ញស្សីកែវ អោយចុះហាមឃាត់ និងណែនាំដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះខាងលើនេះ អោយបញ្ឈប់សកម្មភាពរំលោភលើផ្លូវសាធារណៈជាបន្ទាន់ ហើយបានអោយ គាត់ឈូសឆាយចេញវិញដោយខ្លួនឯង។

ដូចដឹងស្រាប់ហើយថា រដ្ឋបាលខណ្ឌ តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋបាលរាជធានីភ្នំពេញ ជានិច្ច ក្នុងការរំដោះ ការការពារ និងថែរក្សា ផ្លូវ ចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈ ដើម្បីជាប្រយោជន៍សាធារណៈ។

រដ្ឋបាលខណ្ឌ ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ អោយមានភាពល្អប្រសើរ ដើម្បីជាការចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ និងអសណ្ដាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ៕



ប្រភពដើម