អាជ្ញាធរជាតិអប្សរា និងព្រះសង្ឃ សហការគ្នាអភិរក្សសំណង់បេតិកភណ្ឌសាសនា

0


ព្រះគ្រូចៅអធិការវត្តព្រះឥន្ទទេពឱ្យដឹងថា ព្រះអង្គបានសម្រេចព្រះទ័យសាងសង់រោងឧបោសថធ្វើអំពីឈើបែបប្រពៃណី ដែលមិនប៉ះពាល់ដល់បុរាណដ្ឋានវិញ បន្ទាប់ពីអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា ពិគ្រោះយោបល់ឃើញថា សំណង់ធ្វើពីបេតុងជាសំណង់ អាចប៉ះពាល់ខ្លាំងដល់បុរាណដ្ឋាន ហេដ្ឋារចនាសម្ពន្ធសំណង់បុរាណ នៅខាងក្រោមដីដោយមិនអាចរក្សាបាននូវស្ថាបត្យកម្មដើម។

វត្តព្រះឥន្ទទេពស្ថិតនៅទិសខាងលិចឈៀងខាងត្បូង នៃប្រាសាទបាយ័ន្ត ដែលជារាជធានីបុរាណនាសម័យអង្គរ ។ រោងឧបោសថនេះ បានចាប់ផ្តើមជួសជុលតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ហើយក្រុមការងារកិច្ចការវត្តអារាមនៃអាជ្ញាធរជាតិអប្សរា តែងចុះពិនិត្យការដ្ឋាននោះជាប់ជានិច្ច ដើម្បីឱ្យស្របតាមលក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មបែបបុរាណខ្មែរ។

គិតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ការជួសជុលបានរួចរាល់ប្រមាណ៧០% ហើយ។ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងនៅតែបន្តចុះពិនិត្យ រហូតដល់ការជួសជុលបានរួចរាល់១០០%។ ព្រះតេជគុណបានអំពាវនាវដល់វត្តអារាមទាំងអស់ រាល់សំណង់គឺសុំសាងសង់ពីឈើជំនួសបេតុងវិញ ព្រោះថាការអភិរក្សមរតកវប្បធម៌នេះ ជាសម្បត្តិវប្បធម៌នៃមនុស្សជំនាន់មុន ឱ្យនៅបន្តរស់ទៅដល់អ្នកជំនាន់ក្រោយទៀត៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា



ប្រភពដើម