អាជ្ញាធរ ចាត់វិធានការចំពោះ Page ដែលបង្ហោះដើម្បីទាក់ទាញការចុច Like និង Share ពាក់ព័ន្ធ Covid-19

3


ភ្នំពេញ៖ ខណៈប្រជាពលរដ្ឋ មានការព្រួយបារម្ភទាក់ទងទៅនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ (COVID-19) Page មួយចំនួន (KRT_Shop) បានឆ្លៀតឱកាស ធ្វើការបង្ហោះព័ត៌មាន ឬរូបភាពដែលផ្ទុយទៅនឹងបម្រាមដើម្បីការពារការឆ្លងជំងឺ COVID-19 ក្នុងគោលបំណង ដើម្បីទទួលបានការទាក់ទាញការចាប់អារម្មណ៍ ចូលមើល ឬចុចឡែកបានច្រើន ទៅលើ page របស់ពួកគេ។ តែតាមពិតព័ត៌មាននេះ ត្រូវបានធ្វើការបង្ហោះកាលពីឆ្នាំកន្លងទៅ ហើយពុំមានការទាក់ទងទៅនឹងជំងឺ COVID-19 នោះទេ។ នេះបើយោងតាមអត្ថបទចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការយល់ច្រឡំ និងសូមរំឭកផងដែរថា ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺ COVID-19 បងប្អូនប្រជាពលរដ្ឋត្រូវរក្សាគម្លាតពីគ្នា យ៉ាងតិចឱ្យបានមួយម៉ែត្រកន្លះទៅ ពីរម៉ែត្រ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការទទួលខុសត្រូវនូវព័ត៌មានដែលខ្លួនយកមកបង្ហោះ ឬចែកចាយ ព្រោះគ្រប់គ្នា អាចប្រឈមនឹងច្បាប់នូវការផ្សព្វផ្សាយក្លែងបន្លំណា ដែលបង្កឱ្យមានភាពចលាចលដល់សង្គម៕



ប្រភពដើម