អ្នកជំនាញ​អះអាង​ថា​ ក្រុង​បាវិត​នឹង​កាន់តែ​មាន​សក្ដានុពល​ខ្លាំង​បន្ទាប់ពី​ក្រុង​ប៉ោយប៉ែត​ – Cambodia Property News

10


ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​វិនិយោគ​យ៉ាង​គំហុក​ ពីសំណាក់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ ក្រុង​បាវិត​ បាន​កែប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ វិស័យ​សំណង់​ផង​ដែរ​ ដែល​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​ទីប្រជុំជន​ក្នុង​ក្រុង​ និង​នៅ​តំបន់​ជាយក្រុង​មានការ​កើនឡើង​យ៉ាង​ខ្លាំង​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី២៩​ មិនា​កន្លងមក​ថា​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ គឺជា​ផ្នែក​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រសែភ្នែក​ របស់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ បន្ទាប់ពី​ខេត្ត​ជាប់​តំបន់​សមុទ្រ​ដូចជា​ក្រុង​ព្រះសីហនុ​ កំពត​ កែប​ និង​កោះកុង​ ព្រោះ​ខេត្ត​មួយ​នេះ​គឺជា​ច្រកព្រំដែន​អន្តរជាតិ​ ដែល​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​។

លោក​បាន​បន្ត​ថា​ “ក្រុង​បាវិត​ពេលនេះ​ កំពុងតែ​កែប្រែ​មុខមាត់​យ៉ាង​ល្អ​ប្រសើរ​ជាមួយនឹង​សកម្មភាព​ដ៏​រស់រវើក​នៃ​វិស័យ​ពាណិជ្ជកម្ម​ និង​សំណង់​ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​មនុស្ស​ដែល​ចូល​ទៅ​រស់នៅ​ និង​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗដូច​ជា​ឧស្ស​ហក​ម្ម​ រោងចក្រ​ និង​កាស៊ីណូ​នៅក្នុង​ក្រុង​មួយ​នេះ​”។

លោក​ថា​ “ដោយសារតែ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​កើនឡើង​ បាន​ជំរុញ​ឱ្យ​តម្រូវការ​នៃ​វិស័យ​អចលនទ្រព្យ​ នៅ​ទីក្រុង​នេះ​មាន​ភាព​ពុះ​កញ្ច្រោល​ខ្លាំង​ ដោយសារតែ​អ្នក​វិនិយោគ​បាន​ចំណាយ​ទុន​សាងសង់​ជា​ផ្ទះល្វែង​ ជា​បុរី​ ឬជា​សណ្ឋាគារ​ជាដើម​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ស្នាក់នៅ​បណ្តា​បុគ្គលិក​ ដែល​បម្រើការ​ងារ​ ក៏ដូចជា​ចំនួន​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

លោក​បន្ត​ថា​ “សកម្មភាព​ទាំងនេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​ក្រុង​បាវិត​ ក៏ដូចជា​តំបន់​ដែល​ស្ថិតនៅ​ជាប់​ជាយក្រុង​មានការ​កើនឡើង​ខ្លាំង​”។

ជាមួយគ្នា​នេះ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ បាន​លើកឡើង​ថា​ បាវិត​ពេលនេះ​ក៏ដូចជា​ថ្ងៃខាងមុខ​ គឺ​នៅតែ​មាន​សក្ដានុពល​លើ​វិស័យ​ពាណិជ្ជកម្ម​មិនចាញ់​ក្រុង​ប៉ោយប៉ែត​នោះ​ទេ​។ លោក​ថា​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ មាន​ភាពល្អ​ប្រសើរ​ច្រើន​ និង​អំណោយផល​ដល់​វិស័យ​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ ក៏ដូចជា​វិស័យ​អចលនទ្រព្យ​ផង​ដែរ​ ព្រោះ​ខេត្ត​នេះ​ជា​ច្រក​ទ្វារ​អន្តរជាតិ​ មាន​សារសំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ហើយក៏​មាន​ដង់ស៊ីតេ​ប្រជាជន​រស​នៅ​ខ្ពស់​។

លោក​បន្ត​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​ គឺ​មាន​ភាព​ខុសប្លែក​ពីគ្នា​ ដែល​វា​អាស្រ័យ​ទៅលើ​ទីតាំង​នៃ​តំបន់​ ស្ថានភាព​ផ្លូវ​ និង​តំបន់​ប្រជាសាស្ត្រ​រស់នៅ​”។ លោក​បាន​បញ្ជាក់​ថា​ “តម្លៃ​ដី​ដែល​ស្ថិតនៅ​តំបន់​ទីប្រជុំជន​ក្នុង​ក្រុង​ជាប់នឹង​ផ្លូវ​ធំ​ ឬនៅ​ក្បែរ​កាស៊ីណូ​ អាច​មានតម្លៃ​ក្នុង​ចន្លោះ១០០០​- ២០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬអាច​លើស​ពីនេះ​នៅ​តំបន់​ខ្លះ​។ ប៉ុន្តែ​បើ​នៅ​ផ្លូវ​អាច​មានតម្លៃ​ក្នុង​ចន្លោះ៤០០​-៥០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ហើយ​បើ​ចុះពី​ផ្លូវជាតិ​ ឬឆ្ងាយ​ពី​ផ្លូវ​ធំ​ប្រមា​ន១គីឡូម៉ែត្រ​ អាច​មានតម្លៃ១០០​-២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​បើ​ឆ្ងាយ​ជាង​នេះ​ តម្លៃ​ក៏​កាន់តែ​ចុះទៅ​តាម​ស្ថានភាព​នៃ​ទីតាំង​ដី​”។

យ៉ាងណាក៏ដោយ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​រូប​នេះ​ បាន​បង្ហើប​ថា​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ជា​តំបន់​មួយ​ដែល​មាន​ភាពល្អ​ប្រសើរ​ និង​សមស្រប​ទៅលើ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ព្រោះ​តំបន់​មាន​កំណើនប្រជាជន​ច្រើន​ ជាប់​ជាប្រចាំ​៕

ចំនួនអ្នកអាន: 286

មុន

ក្រុង​តាខ្…

បន្ទាប់

CDC​ អនុ…