អ្នកជំនាញ​អះអាង​ថា​ តម្លៃ​ដីធ្លី​នៅ​តាម​ផ្លូវ​វេ​ងស្រេង​កើនឡើង​យ៉ាង​គំហុក​ – Cambodia Property News

20


ដោយ​ រ៉ា​ណេត

ភ្នំពេញ​៖ ​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាង​ថា​ តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ងស្រេង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ បាន​កើនឡើង​យ៉ាង​គំហុក​ ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​គំ​រោង​ធំៗ​ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ពិបាក​ក្នុង​ការស្វែងរក​ទិញ​។

អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ Amatak​ property​ service​, Co​, Ltd​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២៦​ មិនា​កន្លងមក​ថា​ បច្ចុប្បន្ន​នេះ​តម្លៃ​ដីធ្លី​ ក៏ដូចជា​អចលនទ្រព្យ​ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​វេ​ងស្រេង​ គឺ​កំពុងតែ​មានការ​ឡើងថ្លៃ​យ៉ាង​គំហុក​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​ គឺ​មាន​អត្រា​កំនើ​នប្រ​មា​ណ២០​-៣០​ ភាគរយ​។

លោកស្រី​បាន​បញ្ជាក់​ថា​ “នៅ​ទីតាំង​ខាងលើ​នេះ​ គឺ​មាន​សក្ដានុពល​ខ្លាំង​ ដោយសារតែ​វា​ជា​តំបន់​ពហុ​ពាណិជ្ជកម្ម​ រាប់​ចាប់តាំងពី​អាជីវកម្ម​ខ្នាត​តូច​ រហូតដល់​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ខ្នាត​ធំ​ ដូច​ជា​បណ្តុំ​រោងចក្រ​ជាច្រើន​ ជា​ផែស្ងួត​ ជា​ច្រកចេញ​ចូល​រវាងផ្លូវ​ជាតិ​លេខ៣​ ផ្លូវជាតិ​លេខ៤​ និង​រាជធានី​ភ្នំពេញ​”។ លោកស្រី​បន្ត​ថា​ “ផ្លូវ​នេះ​មាន​មនុស្ស​ឆ្លងកាត់​ច្រើន​ ជាពិសេស​ ជា​បណ្តុំ​នៃ​មនុស្ស​ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​មក​បម្រើការ​ងារ​នៅ​តំបន់​នេះ​”។

ដោយសារតែ​ភាព​មមាញឹក​ និង​ភាព​កកកុញ​នៃ​ចំនួន​មនុស្ស​ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ប្រែក្លាយ​តំបន់​នេះ​ ជា​តំបន់​ពាណិជ្ជកម្ម​យ៉ាងសកម្ម​ និង​បាន​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​នេះ​ទីនេះ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ រហូត​រុញច្រាន​ទៅកាន់​តំបន់​ក្បែរ​ខាង​ផង​ដែរ​។ ដី​នៅ​ជាប់​ផ្លូវ​វេ​ងស្រេង​ជា​បណ្តុំ​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ជាច្រើន​ ហើយក៏​មាន​ឧស្សាហកម្ម​ រោងចក្រ​ ជាដើម​។ បើ​នៅ​តាមផ្លូវ​តូច​ងាក​ចេញពី​ផ្លូវ​វេ​ងស្រេង​ ជា​បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ក៏ដូចជា​បុ​រី​ផ្សេង​ៗ និង​ជា​បណ្តុំ​ផ្ទះ​ជួល​សម្រាប់​​កម្មករ​ជាដើម​ ដែល​ទាំងអស់​នេះ​ហើយ​ធ្វើ​ឱ្យ​តំបន់​ផ្លូវ​វេ​ងស្រេង​មាន​សក្ដានុពល​ខ្លាំង​។ លោកស្រី​តាំង​ហួរ​បញ្ជាក់​ឱ្យ​ដឹង​។

លោកស្រី​បន្ត​ថា​ តម្លៃ​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​វេ​ងស្រេង​ រាប់​ចាប់​គិត​ពី​តំបន់​ផែ​ស្ងួត​សូងួ​ន មកដល់​តំបន់​ក្បាលថ្នល់​ស្ទឹងមានជ័យ​ ជាពិសេស​នៅ​តំបន់​កា​ណា​ឌី​យ៉ា​ អាច​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី​ ២០០០​-២៧០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ជា​តម្លៃ​ដែល​មាន​ភាព​ខ្ពស់​ជាង​ ទីតាំង​ស្ថិតនៅ​ពី​ក្រោយ​ព្រលា​នយន្តអន្តរជាតិ​ – ភ្នំពេញ​ ដែល​មានតម្លៃ​ត្រឹម​ប្រមាណ​ជាង១០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។

ដោយឡែក​ចំពោះ​ដី​ ដែល​ស្ថិតនៅ​តំបន់​ងាក​ចេញពី​ផ្លូវ​វេ​ងស្រេង​ ប្រមាណ​ចាប់ពី​ ១០០០ម៉ែត្រ​ឡើង​ទៅ​ ដែល​ឆ្ងាយ​ពី​តំបន់​មាន​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ ក្នុង​មួយ​ម៉ែត្រការ៉េ​ អាច​មានតម្លៃ​ចន្លោះ​ពី២០០ដល់៥០០ដុល្លារ​អាមេរិក​។

យ៉ាងណាក៏ដោយ​ លោកស្រី​បាន​បញ្ជាក់​ថា​ ចំពោះ​តម្លៃ​ដី​ខាងលើ​នេះ​ នៅ​មិនទាន់​ឆ្អែត​ ឬដល់​ចំណុចកំពូល​នៅឡើយ​នោះ​ទេ​។ ដីធ្លី​នៅ​តំបន់​នេះ​នឹង​មាន​កំណើន​បន្ត​ទៀត​នៅ​ថ្ងៃខាងមុខ​ ខណៈ​ដែល​តម្រូវការ​ដីធ្លី​សម្រាប់​អភិវឌ្ឍន៍​នៅតែ​មាន​៕