៨នាក់ព្រួតវាយស្ត្រីម្នាក់ប្លន់យកលុយ១០០ដុល្លារ ស្អែកឡើងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

0


 

ភ្នំពេញ ៖ ស្ត្រីម្នាក់រងការព្រួតវាយធ្វើបានដោយយុវជនមួយក្រុមមានគ្នា៨នាក់បណ្តាលឲ្យរងរបួស និងឆែកឆេរលើខ្លួនយកលុយអស់១០០ដុល្លារ លុះព្រឹកឡើងត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់ ។

ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើដែក បំពង់ទីបវាយប្លន់យកលុយ) នេះកើតឡើងនៅមុខដីឡូត៍គ្មានលេខ ក្នុងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២២-០៥-២០២០ ម៉ោង០០និង៣០នាទីកណ្តាលអាធ្រាត។

ជនរងគ្រោះឈ្មោះ ដួង សៀង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ហាងផឹកស៊ីអូនណយ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឃាត់ខ្លួន ឈ្មោះ ចិន្តា តុលា ហៅតុ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះដើរចេញពីកន្លែងធ្វើការបំណងទៅផ្ទះ ។ ពេលមកដក់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០៨នាក់ ឈ្មោះចិន្តា តុលា, ឈ្មោះផ្លូច, ឈ្មោះម៉ែន និងបក្ខពួក០៥នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូ០៤គ្រឿង មកឈប់ជិតជនរងគ្រោះ រួចជនសង្ស័យឈ្មោះចិន្តា តុលា បានស្រែកថា នេះហើយប្រពន្ធអាប៊ិន ក៏នាំគ្នាចុះវាយជនរងគ្រោះចំក្បាល និងដងខ្លួន រួចជនសង្ស័យឈ្មោះ ផ្លូច យកដែកបំពង់ទីប វាយជនរងគ្រោះត្រង់ពោះចុកដួលទៅលើផ្លូវ រួចពួកគេអូសជនរងគ្រោះចូលក្នុងព្រៃក្បែរនោះឆែកយកលុយជនរងគ្រោះ១០០ដុល្លារ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។

ប្រភពព័ត៌មានបន្តថា លុះដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានសង្ស័យ០១នាក់ ឈ្មោះ ចិន្តា តុលា នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រួមនិងម៉ូតូ០១គ្រឿងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ៕

ប្រភព ៖ នគរបាលជាតិ



ប្រភពដើម